ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាឡេស៊ីបណ្តេញពលរដ្ឋមីយ៉ាន់ម៉ា ជាង១ពាន់នាក់ទៅប្រទេសវិញ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃទី២៣ខែកុម្ភៈ នាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី បានសម្រេចបណ្តេញពលរដ្ឋមីយ៉ាន់ម៉ាចំនួន១.០៨៦នាក់ត្រឡប់ទៅប្រទេសវិញ ។ នៅមុនការសម្រេចបណ្តេញប៉ុន្មានម៉ោង តុលាការម៉ាឡេស៊ី បានផ្អាកការអនុវត្តបណ្តេញជនជាតិមីយ៉ាន់ម៉ា។
លោក Khairul Dzaimee Daud ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ ម៉ាឡេស៊ី បានឲ្យដឹងថា មន្ត្រីទទួលខុសត្រូវបានសម្រេចបញ្ជូនពលរដ្ឋមីយ៉ាន់ម៉ា១.០៨៦នាក់ត្រឡប់ទៅប្រទេសវិញ ក្រោយទាហានមីយ៉ាន់ម៉ា បានបញ្ជូននាវា៣គ្រឿង មកកាន់ទីតាំង យោធានៅភាគខាងលិចម៉ាឡេស៊ីដើម្បទទួលពលរដ្ឋទាំងនោះ។
លោក Khairul Dzaimee Daud បានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋដែលបានបញ្ជូនទៅប្រទេសមីយ៉ាន់ម៉ាវិញនោះ មិនមានក្រុមជនជាតិរ៉ូហ៊ីងយ៉ានោះឡើយ ហើយអ្នកទាំងនោះបានស្ម័គ្រចិត្តត្រឡប់ទៅប្រទេសវិញមិនមានការបង្ខិតបង្ខំនោះឡើយ។
កន្លងមក តុលាការទីក្រុងគូឡាឡំពួរ បានសម្រេច ផ្អាកការបញ្ជូនពលរដ្ឋមីយ៉ាន់ម៉ាទៅប្រទេសវិញ ដោយសារតែស្ថានភាពនយោបាយនៅក្នុងប្រទេសនោះកំពុងតែតានតឹង ដោយពលរដ្ឋនាំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលដឹកនាំដោយយោធា ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។
មីយ៉ាន់ម៉ា ជាប្រទេសដែលមានពលរដ្ឋភៀសខ្លូនទៅកាន់ម៉ាឡេស៊ី ច្រើនជាងគេបំផុត ។ នៅទីនោះដែរ ក៏មានជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ចំនួន១សែននាកផងដែរ។ ម៉ាឡេស៊ីមានជនអន្តោប្រវេសន៍រាប់លាននាក់ បានទៅធ្វើការនៅទីនោះ ដោយធ្វើការជាជាងសំណង់ អ្នកអនាម័យ ដោយទទួលបានប្រាក់ខែទាប៕

ដោយ៖ធីរីណា(រូបភាព៖AFP/TTXVN)


ចែករំលែក៖