រយៈពេល៣ថ្ងៃជាប់គ្នា មានយន្តហោះដល់ទៅ៣គ្រឿង ប្រភេទតែមួយ គឺ Boeing 777 បានផ្ទុះឆេះម៉ាស៊ីនពេលហោះហើរ ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកស្លាប់នោះឡើយ។ ចំណុចដូចគ្នានោះគឺទើបតែចាប់ផ្តើមហោះហើរប៉ុន្មាននាទីប៉ុណ្ណោះក៏ផ្ទុះឆេះម៉ាស៊ីន។
ក្រុមហ៊ុនផលិតយន្តហោះ អាមេរិក Boeing បានសម្រេចផ្អាកការហោះហើរប្រភេទយន្តហោះ Boeing 777 ដែលមានយន្តហោះសរុប១២៨គ្រឿង ។
កាលពីថ្ងៃទី២២ខែកុម្ភៈ ក្រុមហ៊ុនប៊ូអុីងបានបញ្ជាក់ថា យន្តហោះ Boeing 777 ចំនួន១២៨គ្រឿងដែលមានម៉ាស៊ីនប្រភេទ Pratt &Whitney 4000 (PW4000) បានផ្អាកដំណើរការ។ អ្នកនាំពាក្យក្រុមហ៊ុនផលិតយន្តហោះ ប៊ូអុីងបានបញ្ជាក់ថា ក្រុមហ៊ុនបានសម្រេចផ្អាកការហោះហើរយន្តហោះដែលបានប្រើប្រាស់ម៉ាស៊ីនប្រភេទ Pratt &Whitney 4000 (PW4000) ចំនួន១២៨គ្រឿង ដើម្បីស្រាវជ្រាវពីមូលហេតុ។
កន្លងមកកាលពីថ្ងៃទី ២០ ខែកុម្ភៈ យន្តហោះ Boeing 777-200 របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ដឹកអ្នកដំណើរនិងក្រុមអាកាសយានិកសរុប២៤១នាក់ បានផ្ទុះឆេះម៉ាស៊ីនពេលទើបតែចាប់ផ្តើមហោះហើរចេញពី អាកាសយានដ្ឋានអន្តរជាតិ Denver ទៅកាន់កោះហាវ៉ៃ អាមេរិក។ ប៉ុន្តែមិនមានករណីស្លាប់ឬរបួសនោះឡើយ ។
បន្ទាប់ពីយន្តហោះអាមេរិក យន្តហោះប្រភេទដូចគ្នានោះដែរ របស់ប្រទេសហុល្លង់ បានផ្ទុះម៉ាសីន ធ្លាក់បំណែកមកលើផ្ទះពលរដ្ឋ លើរថយន្តបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន ។
នៅថ្ងៃទី២៣ខែកុម្ភៈនេះ ក្រុមហ៊ុនអាកាសចរណ៍ Delta បានប្រកាសថា ជើងហោះហើរ DL2123 ប្រភេទ Boeing 757-200 ហោះហើរចេញពីទីក្រុង Atlanta ទៅកាន់ Seattle ត្រូវបង្ខំចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Salt Lake ។
កន្លងមកក្រុមហ៊ុនផលិតយន្តហោះ ប៊ូអុីង ក៏បានសម្រេចឲ្យផ្អាកការហោះហើរ ប្រភេទយន្តហោះ Boeing Max ក្រោយមានគ្រោះថ្នាក់ផ្ទួនៗគ្នា សម្លាប់មនុស្សជាច្រើន៕ដោយ ៖ធីរីណា
រូបភាព៖ minh họa