ភ្នំពេញ ៖ រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង បានបើកក្នុងល្បឿនលឿនហេីយបួងចង្កូតខ្លាំងពេកបណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភ្លើងស្តុប៥០ ម៉ែត្រ កែងនឹងផ្លូវបេតុងព្រៃស ក្នុងសង្កាត់ដង្កោ ជាប់ព្រំប្រទល់សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ2M-3892បើកតាមបណ្តោយផ្លូវបេតុងព្រៃសក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុអ្នកបើកបរបានបួងចង្កូតមកខាងឆ្វេងដៃទៅផ្លូវ៥០ ម៉ែត្របណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាងចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងពិនិត្យនៅកន្លែងកើតហេតុខាងលើដោយមិនមានឃើញខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋ ក៏ដូចទ្រព្យសម្បត្តិអ្នកដទៃ ទើបសមត្ថកិច្ចបានឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕
ដោយ៖ ភារ៉ា ដង្កោ