ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋវៀតណាម ចំនួន ១១ករណីទៀតហេីយ​ រកឃេីញឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុក

ចែករំលែក៖

អន្តរជាតិ​៖ បើតាមសារព័ត៌មានចិនស៉ីនហួរ​ បានចុះផ្សាយថា៖​ នៅថ្ងៃពុធទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ ​ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញករណីឆ្លង COVID-19 ក្នុងស្រុកថ្មីៗចំនួន ១១ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ២,៤១២ករណី។

ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ថា​ ករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ ត្រូវបានអាជ្ញាធររាយការណ៍ចេញពីខេត្ត Hai Duong ភាគខាងជើងប្រទេស ជាទីដែលវីរុសកូរ៉ូណា (COVID-19) បានឆ្លងរាលដាលខ្លាំងបំផុត សម្រាប់រលកថ្មីនៅប្រទេសវៀតណាម។

ជាមួយគ្នានេះ​ នៅថ្ងៃដដែល​ ប្រទេស​វៀតណាម​ បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ជាជំហានដំបូងចំនួន ១១៧,០០០ដូស ខណៈដែលកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គ្រោងនឹងចាប់ផ្តើមនៅខែក្រោយ។

សូមជម្រាបដែរថា​ ប្រទេសវៀតណាម​ រហូតមកទល់នៅថ្ងៃពុធទី២៤ ខែកុម្ភៈនេះ បានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២,៤១២ករណី, ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ១,៧៩០នាក់៕ដោយ​៖ស​ តារា​

រូបភាព៖suckhoedoisong


ចែករំលែក៖