ព័ត៌មានទាន់ហេតុការណ៍៖

ករណី​ភ្លេីងឆេះទីតាំងឡឥដ្ឋ​មួយ​កន្លែង​នៅ​តំបន់​ស្វាយប៉ាក​ ព្រោះ​តែ​កម្មករ​ធ្វេសប្រហែស​ក្នុងការដុតឥដ្ឋ

ចែករំលែក៖

ភ្នំពេញ​៖​ បេីតាមការ​អះអាងពីលោកវរសេនីយ៍ឯក​ ហ៊ាង​ ថារ៉េត​ អធិការ​នគរបាលខណ្ឌឫស្សីកែវ​ បានឲ្យដឹងនៅរសៀលថ្ងៃទី២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២១នេះថា​ ករណី​ភ្លេីងឆេះទីតាំងឡឥដ្ឋ​មួយ​កន្លែង​នៅ​តំបន់​ស្វាយប៉ាក​ម្សិលមិញនេះ​ ដោយ​សារតែ​កម្មករ​ធ្វេសប្រហែស​​ក្នុងការដុតឥដ្ឋ​ ឡើងកំដៅបង្កជាអគ្គិភ័យ​ឆាបឆេះយ៉ាង​សន្ធោសន្ធៅ​ បណ្តាល​ឲ្យរងការខូច​ខាត​រោង​ប្រក់​ស័ង្កសី​ចំនួន​២​ និង​កម្ទេច​ក្រណាត់​រាប់​តោន។ ក្នុងហេតុការណ៍នេះ​ ​បង្ក​ឲ្យមន្ត្រី នគរបាល​បង្ការ​ពន្លត់អគ្គិភ័យម្នាក់ឈ្មោះ អួ​ង សុផល​ភេទ​ប្រុស អាយុ៥៥​ឆ្នាំ​ បាន​រង​របួស​ដោយសារ​មុត​ដែកគោលផងដែរ នៅ​ពេល​ដែល​ទៅ​អន្តរាគមន៍បាញ់​ពន្លត់។

សូមរម្លឹកថា​ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧ ​និង​៤៩​នាទី​យប់​ថ្ងៃ​ទី​២៤​ខែកុម្ភៈ​ ​ស្ថិតនៅ​ចំណុច​ទីតាំង​ឡឥដ្ឋ ​តាម​ផ្លូវ​លេខ​១០០៣ ក្រុម​១០ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

តាមប្រភពព័ត៍មានពី​មន្រ្តីនគរបាលមូលដ្ឋាន​ បានឲ្យដឹងថា​ ម្ចាស់​ឡឥដ្ឋ​ដែល​ត្រូវ​ភ្លើង​ឆេះ​មានឈ្មោះ​ កុក សាន ភេទ​ប្រុស អាយុ ៦៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹ​ក​កេងកង​ទី​១ ខណ្ឌ​បឹង​កេង​កង​។

ប្រភពដដែល​ បន្តថា​ នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​ចេញពី​​​ក្រណាត់​​ដែល​គរ នៅ​ជុំ​វិញឡឥដ្ឋ​នោះ ទេីបបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងហៅខាងជំនាញចេញរថយន្ត​ពន្លត់អគ្គិភ័យចំនួន​១៣​គ្រឿង​ ទៅជួយអន្តរាគមន៍បាញ់​ពន្លត់ រហូត​រលត់​ទៅវិញនៅ​​លា​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃ​ដដែល​។ ក្នុងប្រតិបត្តិការនេះ​ មាន​រថយន្តរបស់​ការិយាល័យ​នគរបាល​បង្ការពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ចំនួន​១២​គ្រឿង ប្រើប្រាស់​ទឹក​អស់ ៣៦​ឡាន ស្មើនឹង១៦០​ម៉ែត្រគូប និងរថយន្ត​ជំនួយ​របស់​សាលា​​ខណ្ឌឫស្សីកែវ​ចំនួន ១​គ្រឿង ប្រើប្រាស់​ទឹក​អស់ ២ រថយន្ត​​។​

ដោយឡែក​ទំហំខូចខាតរួមមាន៖​ រោងប្រមាណ​៤០​ម៉ែត្រ​គុណ១០០​ម៉ែត្រ នឹង​កម្ទេច​ក្រណាត់​មួយ​ចំនួនធំ(​រាប់​តោន )​ត្រូវ​ភ្លើង​ឆាបឆេះបណ្ដាលឲ្យរង​ការ​ខូចខាត​ តែ​មិនឆេះ​រាលដាល់​ទៅ​ឡឥដ្ឋ និង​លំនៅ​ឋានដែល​នៅ​ក្បែរ​នោះ​ឡើយ៕​​

ដោយ​៖អារុណ​រះ


ចែករំលែក៖