ព័ត៌មានទាន់ហេតុការណ៍៖

សុវត្ថិ សិរីវុឌ្ឍកូនប្រុសពៅលោក ព្រាប សុវត្ថិ ចេញមុខចាក់វ៉ាក់សាំងSinopharm

ចែករំលែក៖

ភ្នំពេញ៖ កូនប្រុសពៅរបស់តារាចម្រៀងព្រាប សុវត្ថិ គឺលោក សុវត្ថិ សិរីវុឌ្ឍ បានបង្ហាញមុខក្នុងការងារទទួលវ៉ាក់សាំងSinopharm ដើម្បីការពារជំងឺកូវីដ-១៩ ហើយ។ការចាក់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈនេះក្នុងនាមជាមន្ត្រីកងទ័ពជើងគោករបស់ក្រសួងការពារជាតិ។
គេចាំបានដែរថា ក្រុមគ្រួសារតារាចម្រៀង ព្រាប សុវត្ថិ និងកូនប្រុសទាំងបីនាក់ សុទ្ធតែមានតួនាទីក្នុងការិយាល័យយោធាភិរម្យ នៃកងទ័ពជើងគោករបស់ក្រសួងការពារជាតិនៃយោធពលខេមរភូមិន្ទ។ សុវត្ថិ សិរីវុឌ្ឍ ដែលគេស្គាល់ដែរថាជាកូនប្រុសពៅក្នុងត្រកូលនេះបានចេញមុខចាក់វ៉ាក់ការពារជំងឺកូវីដ១៩រហូតធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីលោកទើបនឹងប្រកាសចាកចេញពីផលិតកម្មហង្សមាសក្តៅៗនោះ។ សុវត្ថិ សិរីវុឌ្ឍ បានបង្ហោះសារមួយដោយមានភ្ជាប់រូបថតលោកកំពុងអង្គុយចាក់សាំងមួយសន្លឹកតាមបណ្ដាញសង្គមFacebook និងInstagram ថា៖”ថ្ងៃនេះខ្ញុំបានមកចាក់Vaccin covid-19 ហើយ។ នេះគឺជាសមាជិកនៃគ្រួសារតារាចម្រៀងល្បីឈ្មោះទី១នៅកម្ពុជាដែលបានទទួលយកការចាក់វ៉ាក់សាំងនេះ ស្របពេដែលកងកម្លាំងមន្ត្រីយោធាជាច្រើនរូបបានសម្រេចទទួលយកការចាក់ជាបន្តបន្ទាប់។ ក្រៅពីតារាចម្រៀងរូបនេះគេក៏សង្កេតឃើញមានសិល្បករមួយចំនួនទៀតដែលមានឈ្មោះបម្រើការងារជាមន្ត្រីនៃក្រសួងការពារជាតិក៏បានបង្ហាញមុខក្នុងការចាក់វ៉ាក់សាំងនេះផងដែរ ដូចជា លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម លោក ជួង ជី ហៅនាយកុយ និងតារាម៉ូដែលដែលជាមន្ត្រីយោធាម្នាក់ គឺលោក ថមមី ជាដើម។
គួរបញ្ជកា់ដែរថាយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ បានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២១។ យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ចាក់ថាគិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១នេះសរុបអ្នកដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩មានចំនូន១៦០៤៥នាក់ ខណៈអ្នកដែលបានចាក់រួចមានសរុបចំនួន១៣១០១នាក់ និងអ្នកដែលមិនត្រូវបានអនុញ្ញាតិឲ្យចាក់មានសរុបចំនួន២៩៤៤នាក់៕

ដោយ៖វឌ្ឍនា


ចែករំលែក៖