ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ និងកម្លាំងប្រជាការពារធ្វើការឡោមព័ទ្ធចាប់ជនដៃដល់២នាក់ក្នុងចំណោមគ្នា៣នាក់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពីពួកគេបានកាប់បំផ្លាញម៉ូតូចំនួន៣គ្រឿងបណ្ដាលឲ្យរងការខូចខាតខ្ទេចខ្ទីកាលពីយប់រួចបានរត់ចូលទៅសម្ងំលាក់ខ្លួននៅក្នុងបឹងកក់មួយកន្លែង ស្ថិតនៅតាមផ្លូវបេតុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-0380 ពេលនេះកំពុងត្រូវបាននគរបាលសាកសួរនៅប៉ុស្តិ៍ចោមចៅទី១ ហើយនគរបាលកំពុងធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបក្សពួកម្នាក់ទៀតព្រមទាំងម្ចាស់ផ្ទះដែលបានលាក់បំពួនក្រុមជនសង្ស័យកាលពីយប់។
ចំណែកម៉ូតូ៣គ្រឿងដែលរងការខូចខាតរួមមាន៖ ១-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ព្រៃវែង 1K-1518 ជាកម្មសិទ្ធិរបស់ឈ្មោះ យុន រិត ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិព្រៃស្វា ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង។២-ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1O-3078 ជាកម្មសិទ្ធិរបស់ឈ្មោះ ភួង ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិ ស្នាមពុក ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។៣- ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ឡើងស៊េរី២០២១ ពាក់ស្លាកលេខ កណ្តាល 1AB-7549ជាកម្មសិទ្ធិរបស់ឈ្មោះ សៅ វ៉ាង ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅទល់មុខរោងចក្រក្នុងភូមិឃុំកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិម្រិញ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ជនរងគ្រោះទាំង៣នាក់បាននាំគ្នាផឹកសុីជុំគ្នានៅចំណុចទល់មុខរោងចក្រយូមីងដា ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ខណៈផឹកស្រាបៀរអស់ម្នាក់មួយកំប៉ុង ក៏ស្រាប់តែឃើញជនបង្កទាំង៣នាក់ដែលមិនធ្លាប់ស្គាល់គ្នាសោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពាក់លេខ កំពង់ឆ្នាំង1B-0381 ឌុបគ្នាដោយមានដាវនិងដំបងផងចូលទៅដេញកាប់និងវាយក្រុមជនរងគ្រោះ ប៉ុន្តែជនរងគ្រោះរត់ចេញទាន់ ហើយជនអន្ធពាលខាងលើក៏បានកាបម៉ូតូរបស់ជនរងគ្រោះទាំង៣គ្រឿងខាងលើ បណ្តាលឲ្យរងការខូចខាត។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកជនដៃដល់បាននាំគ្នាជិះម៉ូតូគេចខ្លួន តែស្របពេលនោះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១ល្បាតឃើញក៏បានដេញតាមភ្លាមៗ ហើយជនបង្កបានគេចរហូតដល់ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ហើយជនសង្ស័យ២នាក់បានរត់ចូលផ្ទះ ឯម្នាក់ទៀតគេចបាត់ ដោយទុកម៉ូតូនៅខាងមុខផ្ទះ ។ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍បម្រុងចូលទៅចាប់ភ្លាមៗដែរ តែត្រូវបានបងស្រីជនបង្កជាម្ចាស់ផ្ទះរារាំងមិនឲ្យចូលចាប់ឡើយដោយសួររកដីកាតុលាការថែមទៀតផង ទើបខណៈនោះសមត្ថកិច្ចនគរបាលបន្ថែមកម្លាំងធ្វើការឡោមព័ទ្ធផ្ទះនោះរហូតដល់វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ជនសង្ស័យបានសម្រុកចេញពីក្នុងផ្ទះខាងលើចូលទៅលាក់ខ្លួនក្នុងបឹងដែលមានកក់ដុះ ហើយត្រូវបានកម្លាំងនគរបាលខាងលើរួមទាំងប្រជាការពារឡោមព័ទ្ធចាប់បានជាបន្តបន្ទាប់២នាក់តែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រវបានសមត្ថកិច្ចធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី១ ដេីម្បីកសាងសំណំុរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយតាមច្បាប់៕
ដោយ៖សុខាសែនជ័យ