ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅវេលាម៉ោង ១១ និង១៥នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បន្ទាប់ពីដឹកនាំមន្ត្រីចុះត្រួតពិនិត្យនិងលើកទឹកចិត្តកងកម្លាំងដែលប្រចាំការការពារនៅតាមទីតាំងទាំង៩ ដែលបានបិទ ដោយសារមានការពាក់ពន្ធ័ទៅនឹងព្រឹត្តិការណ៍២០កុម្ភៈរួចមក។
លោក សុខ ពេញវុធ ក៏បានបន្តដឹកនាំមន្ត្រីចុះធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសការអ៊ុតកៅស៊ូ ប្រភេទACកំរាស់ ០៥សង់ទីម៉ែត្រ លើមហាវិថីព្រះនរោត្តម ចាប់ពីរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដល់វិមានឯករាជ្យ ដែលជាគំរោងអភិវឌ្ឍរបស់រដ្ឋបាលរាជធានីភ្នំពេញ។
លោកអភិបាលខណ្ឌ បន្តថា បើទោះបីជារាជធានីភ្នំពេញក្នុងពេលនេះ កំពុងតែជាប់រវល់មមាញឹកខ្លាំងលើការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ក្នុងព្រឹត្តិការ២០កុម្ភៈយ៉ាងណាក្តី ក៏លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកដាក់និងបន្តជំរុញល្បឿននៃការអភិវឌ្ឍរាជធានីភ្នំពេញ ប្រកបដោយនិរន្តរភាពយ៉ាងសកម្មជាទីបំផុត និងមិនមានការរាំងស្ទះឡើយ។ អរគុណសន្តិភាព !៕ដោយ៖ស តារា