ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដីបើកគេចពីរថយន្តលាយបេតុងជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបាក់បង្គោលភ្លើងបំភ្លឺផ្លូវ១ដើម

ចែករំលែក៖

ភ្នំពេញ៖ រថយន្តបែនដឹកដី១គ្រឿងខណៈកំពុងបើកបរក្នុងល្បឿនលឿនបានវាក់ជាមួយរថយន្តលាយបេតុង១គ្រឿងទៀតនៅខាងមុខក៏ខំបើកគេចរហូតជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវនិងបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើមរងការខូចខាត។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើមហាវិថីឈ្នះ=ឈ្នះ ត្រង់ចំណុចមុខក្រុមហ៊ុនលាយបេតុង ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកFUSOកង់៦បែនដឹកដី​ ពណ៌ផ្ទៃមេឃពាក់ស្លាកលេខចង្កូតស្ដាំPP-1479 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដឹកដីពេញទ្រុងហើយបានបើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានវាក់ជាមួយរថយន្តលាយបេតុង១គ្រឿងនៅខាងមុខទើបប្រឹងកាច់ចង្កូតបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវនិងបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យបាក់១ដើម។ចំណែករថយន្តនោះបានរងការខូចខាតខ្ទេចមុខយ៉ាងដំណំ ប៉ុន្តែពុំបណ្ដាលឲ្យអ្នកបើកបររងរបួសនោះទេ ហើយក្រោយពេលកើតហេតុកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅនាំយករថយន្តនោះទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖