ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់អោយដឹងថា នៅព្រឹកថ្ងៃ២៨កុម្ភៈ២០២១នេះថា នគរបាលជំនាញបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើកាំបិតចាក់បណ្តាលឲ្យរងរបួសធ្ងន់)រវាងជនជាតិចិន និងជនជាតិចិន ដូចគ្នា ឃាត់ខ្លួនជនសង្ស័យបានម្នាក់។ លោកឧត្តមសេនីយ៍ទោស្នងការបានបញ្ជាក់ថា  ជនសង្ស័យឈ្មោះ Zhang Xian Jin ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ  ចំណែកជនរងគ្រោះឈ្មោះ Liu Lei ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មុខរបរទេសចរណ៍ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅគ្លីនិក ចិនមួយកន្លែង មានទីតាំងស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលពីយប់ថ្ងៃ២៧កុម្ភៈ២០២១ នៅសណ្ឋាគារមួយកន្លែងក្នុងសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ក្រោយជនសង្ស័យធ្វើសកម្មភាព ប្រើកាំបិតចាក់ជនរងគ្រោះឲ្យរងរបួសធ្ងន់ ពេលជនរងគ្រោះកំពុងដើរតាមផ្លូវ ហើយតាមចម្លើយសារភាព ជនសង្ស័យប្រាប់សមត្ថកិច្ចថា កើតឡើង ដោយសារ ជនរងគ្រោះ មានទំនាក់ទំនងជាមួយសង្សាររបស់ខ្លួន ហើយរូបគេខឹង ទើប យកកាំបិតចាក់ទៅលើជនរងគ្រោះតែម្តង ។ ចំណែកវត្ថុតាងចាប់យកបានរួមមាន កាំបិតស្នៀត១ដើម (ឧបករណ៍ធ្វើសកម្មភាព) ថ្នាំW.Y សង្ស័យសារធាតុញៀន ចំនួន១៨គ្រាប់, ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ៩កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង ,ថង់សម្រាប់វេចខ្ចប់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖