ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកសសរបុកគ្រឹះបើកថយក្រោយបណ្ដាលឲ្យអ្នកបើកបរម៉ូតូម្នាក់បុកដួលបោកក្បាលស្លាប់គួរឲ្យអាសូរ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាសូរ ខណៈបើកបរម៉ូតូទៅបុករថយន្តដឹកសសរបុកគ្រឹះដែលកំពុងបើកថយក្រោយបណ្ដាលឲ្យបុរសជាអ្នកបើកម៉ូតូទៅបុកជាមួយនឹងសសរគ្រឹះដែលនៅលើរថយន្ត ដួលបោកក្បាលទៅលើផ្លូវស្លាប់ភ្លាមៗ កាលពីថ្ងៃទី២៧ ខែ​ កុម្ភៈ​​ ឆ្នាំ២០២១ វេលាម៉ោង១៧និង៤០នាទី ត្រង់ចំណុច​ខាងមុខបុរីសិរីមង្គល ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល ។

    មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ញៀម តាំងឃឹម ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល បើកបរម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៩០ ពាក់ស្លាក  លេខ កណ្តាល 1X-5728។ ចំណែករថយន្តបង្កម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ​ 3E-3294 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)។

    ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តម៉ាក HYUNDAI ពណ៌សពាក់ស្លាកលេខ​ ភ្នំពេញ​ 3E-3294 ដឹកសសរបុកគ្រឹះ បានថយចេញពីការដ្ឋានស្របពេលជាមួយគ្នានោះក៏មានម៉ូតូមួយគ្រឿងបើកបរ​ក្នុងទិសដៅពីជើងទៅត្បូង រួចក៏បុកចំចុងសសរថ្មគ្រឹះក្រោយរថយន្ត បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់បាត់បង់ជីវិតតែម្ដង ។ 

   បន្ទាប់ពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញក្រុងតាខ្មៅ បានចុះដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែង និងកសាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយកទៅអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមនីតិវិធីច្បាប់។ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖