ខេត្តកំពង់ស្ពឺ ៖ សកម្មភាពកាប់បំផ្លាញព្រៃឈេី ប្រមូលទិញ ដឹកជញ្ចូនបានកក្រេីកឡេីងវិញហើយ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលត្រូវគេដឹងយ៉ាងច្បាស់ថា មេខ្លោងឈ្មួញឈេីដ៏ធំជាងគេគឺឈ្មោះ (ណុប ឌី) អតីតក៏ជាមេខ្លោងដ៏ធំរកស៊ីនៅខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ដឹកចែកចាយក្នុងស្រុក និងដឹកទៅវៀតណាមផងដែរ។ នេះបេីតាមការបញ្ចាក់ឲ្យដឹងពីប្រជាពលរដ្ឋនៅតំបន់ជាំ និងប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រឃុំតាសាល ឃុំត្រពាំងជោ និងសមត្ថកិច្ច មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងទីរួមស្រុកឱរ៉ាល់។
ប្រភពបានរាយការណ៍មកថា, មេខ្លោងប្រព្រឹត្តបទល្មេីសដឹកជញ្ជូន ប្រមូលទិញឈើ ឈ្មោះ (ណុប ឌី) គឺប្រមូលទិញឈេីចម្រុះគ្រប់ប្រភេទដូចជា ៖ ឈេីក្រហម (ឈេីអារ) , ឈេីម្រិញ ,ឈេីរីជកុល(ប្រភេទឈេីក្រៅលំដាប់) ,ឈេីធ្នុង ,ឈេីឈ្លីក ,ឈើធ្នង់។ មានរថយន្តជាមធ្យោបាយដឹកជញ្ចូនឈេីប្រមាណជាជិត១០គ្រឿង ប្រភេទរថយន្តកង់៦ និងរថយន្តកង់១០ រួមទាំងមានរថយន្តស្ទួចចំនួនពីរគ្រឿង(តូចមួយ-ធំមួយ) ។ ឈ្មួញ ណុប ឌី បានប្រមូលទិញឈេី ទាំងនោះនៅតំបន់ជាំស្ថិតក្នុងឃុំតាសាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលការដឹកជញ្ចូនធ្វេីសកម្មភាពមានទាំងពេលថ្ងៃ និងពេលយប់ យ៉ាងតិចក្នុងមួយថ្ងៃចាប់ពី ២គ្រឿង ទៅ៣គ្រឿង ទាំងការដឹកជញ្ចូនឈេីនៅតំបន់ជាំនៅឃុំតាសាល និងនៅឃុំត្រពាំងជោ ដឹកកាត់ស្នាក់ការយោធា កុងត្រូលជជុះរបស់នគរបាលប្រឆាំងសេចកិច្ចក្រសួង (ខាងគណៈកម្មការបង្ក្រាបបទល្មេីសធនធានធម្មជាតិ ថ្នាក់ជាតិ)ដែលដាក់ប៉ុស្តិ៍នៅទីនោះ,ស្នាក់ការដែនជំរកសត្វ ភ្នំឱរ៉ាល់ របស់បរិដ្ឋាន ឆ្លងកាត់ ស្នាក់ការកងរាជអាវុធហត្ថស្រុក អធិការដ្ឋាននគរបាលស្រុក សាលាស្រុក ផ្នែករដ្ឋបាលព្រៃឈេីស្រុក សង្កាត់រដ្ឋបាលព្រៃឈេី សឹករងស្រុក ។ ករណីខ្លះជាប្រភេទឈេីអារ ឬឈេីក្រហម ឈ្មួញ ( ណុប ឌី )បានដឹកយកមកដាក់នៅដេប៉ូរបស់ខ្លួនស្ថិតនៅចំណុចភូមិត្រពាំងគីន ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះគេបានបញ្ចាក់យ៉ាងច្បាស់ថា ដេប៉ូឈេីរបស់លោក ណុប ឌី មានច្បាប់អនុញា្ញតត្រឹមត្រូវ ប៉ុន្តែការប្រមូលទិញឈេីអារ ឬឈេីក្រហមនេះ ពីតំបន់ជាំក្នុងឃុំតាសាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ គឺជាឈេីល្មេីសច្បាប់ ប៉ុន្តែគេយកដេប៉ូស្របច្បាប់នោះ ធ្វេីជាខែល ក្នុងសកម្មភាពលោក ណុប ឌី ដឹកជញ្ចូនឈេីខុសច្បាប់នោះចូលទៅក្នុងដេប៉ូ ឲ្យក្លាយទៅជាឈេីស្របច្បាប់ចែកចាយលក់នៅក្នុងខេត្តកំពង់ស្ពឺ ។ ដោយឡែកប្រភេទឈេីធ្នុង ឈេីឈ្លីក ឈេីម្រិញ ឈេីរាជកុល ត្រូវបានឈ្មួញ ណុប ឌី ដឹកជញ្ចូនពីតំបន់នោះយកមកសាងចូលរថយន្តកុងតឺន័រ ដេីម្បីដឹកជញ្ចូនទៅខេត្តព្រះសីហនុ ក្នុងនោះមុននិងរៀបឈេីប្រណីតចូលក្នុងទូកុងតឺន័រ ឈ្មួញ ណុប ឌី បានប្រេីរូបភាពរថយន្តឃ្លុប បន្លំធ្វេីជារថយន្តដឹកទឹកកក រថយន្តដឹកទំនិញប្រភេទ២តោនកន្លះ ដែលភាគច្រេីនរថយន្តប្រភេទនេះ ឈ្មួញ ណុប ឌី បានយកទៅលាក់ទុកនៅខាងក្រោយផ្ទះសំណាក់របស់ខ្លួនយីហោ ផ្ទះសំណាក់ “ហេង លាភ ឱរ៉ាល់” ក្នុងទីរួមស្រុកឱរ៉ាល់ និងជិតស្នាក់ការកងរាជអាវុធហត្ថស្រុក ។ ចំពោះករណីលេីកឈេីប្រណីតដាក់ចូលទូកុងតឺន័រ គឺមានទីតាំងច្រេីនកន្លែងត្រូវបានឈ្មួញ ណុប ឌី ធ្វេីការចល័តគ្រប់ទីកន្លែង ជួនកាលរៀបឈេីចូលទូកុងតឺន័រនៅតាមចម្ការស្វាយរបស់ប្រជាពលរដ្ឋ ,ខាងក្រោយផ្ទះនិងភូមិរបស់ប្រជាពលរដ្ឋក្នុងទីរួមស្រុក ,ជួនកាលផ្ទេរឈេីចូលក្នុងទូកុងតឺន័រនៅទីតាំងផ្ទះរបស់ខ្លួនក្នុងទីរួមស្រុកជិតផ្ទះសំណាក់ខាងលេីនោះតែម្ដង ដែលមានយីហោ ស្ថានីយតេលានៅពីមុខ។
ពាក់ព័ន្ធទៅនិងសកម្មភាពដឹកឈេីល្មេីសច្បាប់របស់ឈ្មួញឈ្មោះ ណុប ឌី ប៉ាវផ្ដាច់នៅក្នុងស្រុកឱរ៉ាល់ ត្រូវបានបង់ប្រាក់ទៅឲ្យសមត្ថកិច្ចអាជ្ញាធរជំនាញជាច្រេីនស្ថាប័ន ក្លាយជាអំពេីពុករលួយលក្ខណៈប្រព័ន្ធ ។ ក្នុងនោះគេបានលួចទំលាយរៀបរាប់ទ្រួសៗថា ឈ្មួញ ណុប ឌី បានបង់ប្រាក់ទៅឲ្យខាងស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នគរបាលសេដ្ឋកិច្ចខេត្ត និងនគរបាលសេដ្ឋកិច្ចក្រសួង របស់គណៈកម្មការបង្ក្រាបបទល្មេីសធនធានធម្មជាតិ ថ្នាក់ជាតិ ដែលបានដាក់ប៉ុស្ដិ៍នៅទីនោះ គឺមានឈ្មោះ សម្រេច ជានគរបាលសេចកិច្ចខេត្ត និងត្រូវជាប្អូនថ្លៃលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ ជាអ្នកប្រមូលកញ្ចប់ ។ ដោយឡែកនគរបាលសេដ្ឋកិច្ចក្រសួង ក្រុមថ្នាក់ជាតិគឺមានឈ្មោះ នីត ជាអ្នកប្រមូលកញ្ចប់ ។ ប្រភពដដែលបានបង្ហេីបទៀតថា ឈ្មួញ ណុប ឌី ត្រូវបង់លុយឲ្យខាងថ្នាក់ស្រុក កងរាជអាវុធហត្ថស្រុក អធិការស្រុក សឹករងស្រុក នាយផ្នែករដ្ឋបាលព្រៃឈេីស្រុក នាយសង្កាត់ព្រៃឈេី បង់កញ្ចប់ឲ្យឈ្មោះ លឹម ឧសភា ប៉េអឹមខេត្តនិងជាអ្នកកាន់កញ្ចប់ឲ្យមេប៉េអឹមខេត្ត ។ បេីឈ្មោះ ចំណាប់ ជាអ្នកចេញមុខយកកញ្ចប់សម្រាប់ក្រុមអាវុធហត្ថផ្ទៃប្រទេសថ្នាក់ជាតិ ប៉ុន្តែក្រុមអាវុធហត្ថលេីផ្ទៃប្រទេសមិនបានឈរជេីង ឬដាក់ប៉ុស្ដិ៍នៅទីនោះទេ ចាំតែគិតលុយក្បាលឡានពេលដែលឈ្មួញឈ្មោះ ណុប ឌី រាយការណ៍ពេលចេញឈេីម្ដងៗ ឬទទួលដំណឹងពីសមត្ថកិច្ចដែលចាំយកកញ្ចប់នៅទីនោះ ។ ដោយសារតែអំពេីពុករលួយកេីតឡេីងជាលក្ខណៈប្រព័ន្ធបែបនេះហេីយ ទេីបការដឹកជញ្ចូនឈេីល្មេីសច្បាប់ របស់ឈ្មួញឈ្មោះ ណុប ឌី គ្មានការបង្ក្រាបពីសមត្ថកិច្ច អាជ្ញាធរ ជំនាញជាច្រេីនស្ថាប័ន ដឹកជញ្ចូនយ៉ាងរលូនមកទល់បច្ចុប្បន្ន។ ជាក់ស្តែងនៅវេលាម៉ោង១ ដល់ម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ឈ្មួញឈើ ណុប ឌី បានចេញឈើចំនួន ៤គ្រឿងប្រភេទឡានកង់១០ ក្នុងនោះ ២គ្រឿងចេញពីតំបន់ជាំ ឃុំតាសាល និង ២គ្រឿងទៀតចេញពីសំរោង ឃុំត្រពាំងជោ ។ ដោយឡែកចំពោះសមត្ថកិច្ច ដូចច្រើនតាមដងផ្លូវ ក៏ដូចជាមានទីស្នាក់ការនៅតាមផ្លូវ និងសមត្ថកិច្ចមានតួនាទីបង្ក្រាប មិនបានបើកភ្នែកមើលទេ មានតែរវល់មើលផ្លូវអោយឈ្មួញនេះទៅវិញ, ?
ពាក់ព័ន្ធករណីនេះ,លោក មួង ធី អភិបាលនៃគណៈអភិបាលស្រុកឱរ៉ាល់ បានអោយអង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ថា, លោកមិនបានដឹងជុំវិញបញ្ហានេះទេ ប៉ុន្តែបើមានការដឹកជញ្ជូន លោកនឹងចាត់វិធានការ និងសូមឱ្យខាងសារព័ត៌មាន មេត្តាជួយសហការផ្ដល់ដំណឹងឲ្យផង។
លោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានអោយដឹងថា, លោកនិងបង្ក្រាបបើមានករណីដឹកជញ្ជូនឈើក្នុងបទល្មើសជាក់ស្ដែង ។ ប៉ុន្តែឃើញតែខាងអ្នកកាសែតមកទីនេះយ៉ាងច្រើន ហើយមិនបានផ្តល់ព័ត៌មានពីករណីថាមានបទល្មើសដឹកជញ្ជូនឈើ បើមានមែនលោកបង្ក្រាប និងរងចាំការចូលរួមការសហការជាមួយសារព័ត៌មានគ្រប់ពេល។ ទីបំផុតនៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ពេលដែលក្រុមលោក ណុប ឌី កំពុងលើកឈើនៅតំបន់ជាំ និងនៅសំរោង អង្គភាព”នគរដ្រេហ្គន”ទូរស័ព្ទចូលលោកអធិការមិនលើក ។
លោក ហ៊ុល ម៉ារ៉ា ប្រធានស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រាប់អោយដឹងថា, ឮតែគេថា មានករណីដឹកឈើដែរ តែលោករងចាំបង្ក្រាបអត់ឃើញសោះ ចង់ឲ្យអ្នកសារព័ត៌មានជួយសហការ ។ លោកបន្តថា, មានខាងអ្នកកាសែតបានផ្ញើវីដេអូ ពីសកម្មភាពជញ្ជូនឈើនៅតំបន់ឃុំតាសាល លោកក៏បានអោយមន្ត្រី១ក្រុមចុះទៅ ដើម្បីមានវិធានការបង្ក្រាប និងរងចាំសហការការផ្តល់ព័ត៌មានពីអ្នកកាសែត ២៤/២៤ម៉ោង។ ប៉ុន្តែដល់យប់ថ្ងៃទី២៨ ខែកុម្ភៈ ពេលក្រុមលោក ណុប ឌី លើកឈើនៅសំរោង នៅរវៀស អង្គភាព”នគរដ្រេហ្គន”ទូរស័ព្ទទៅ លោកអះអាងថា នឹងមានវិធានបង្ក្រាបចាប់ តែទីបំផុត លោក ណុប ឌី ដឹកឈើ៤ឡានបើកកាត់មុខស្នាក់គាត់យ៉ាងស្រួល នឹងមិនលើកទូរស័ព្ទអ្នកសារព័ត៌មានថែមទៀត។
លោក សោម ពុធដារា មេបញ្ជាការ កងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានអោយដឹងថា, មិនមានការដឹកឈើទេ ហើយលោកក៏មិនបានយកលុយពីក្រុមឈ្មួញនោះដែរ បើមានលោកបង្ក្រាប ប៉ុន្តែមួយរយៈនេះរវល់រឿងការពារគោលដៅកូវីដ-១៩ ។ លោកបន្តថា, ឃើញតែអ្នកកាសែតមកថត និងដេញតាមឡានឈើសុំលុយគេ បើចំពោះលោក អោយតែមានឡានគឺបង្ក្រាបមិនយោគយល់ឡើយ។
លោក លឹម ឧសភា ខាងប៉េអឹមខេត្ត ដែលល្បីខាងយកលុយកញ្ចប់បទល្មើសឈើសម្រាប់លោកមេបញ្ជាការខេត្ត បានបញ្ជាក់ប្រាប់អង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”តាមទូរស័ព្ទថា, លោកមិនដែលបានអីពីពួកនោះទេ ហើយក៏មិនដែលស្គាល់ឈ្មួញឈ្មោះ ណុប ឌី នោះដែរ និងមិនមានការដឹកឈើអីទេ កុំជឿគេអោយសោះ។
លោក សម្រេច នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងត្រូវជាប្អូនថ្លៃលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពង់ស្ពឺ ដែលល្បីក្នុងការយកកញ្ចប់ពីលោក ណុប ឌី បានឲ្យអង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”ដឹងថា, បញ្ហាទាំងអស់នេះ សុទ្ធតែជាការចោទប្រកាន់ និងមួលបង្កាច់ទាំងស្រុងមកលើរូបលោក តាមពិតទៅមិនបានពាក់ព័ន្ធនឹងយកលុយពីបទល្មើសឈើណាមួយឡើយ។ លោកបន្តថា, ថ្ងៃមុនឃើញអ្នកកាសែតជាច្រើនជាមួយនឹងប៉េអឹមផ្ទៃប្រទេស ដេញកាក់ឡានដឹកឈើ រួចហើយក៏យកលុយគេ។ ចំពោះលោកវិញ មិនត្រូវការទេចំពោះលុយពីបទល្មើស មានតែបង្ក្រាប និងសូមឲ្យអ្នកសារព័ត៌មានមេត្តាជួយផ្ដល់ដំណឹងផងបើមានបទល្មើសឈើកើតនៅកន្លែងណា គឺទូរស័ព្ទរង់ចាំ ២៤ម៉ោងលើ ២៤ម៉ោង។
ដោយឡែក លោក ចំណាប់ ខាងប៉េអឹមផ្ទៃប្រទេសថ្នាក់ជាតិ ដែលគេរាយការណ៍មកថា, ជាអ្នកយកកញ្ចប់ពីបទល្មើសព្រៃឈើនៅស្រុកឱរ៉ាល់ ប៉ុន្តែមិនបានដាក់ប៉ុស្តិ៍នៅទីនោះ បានប្រាប់អង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”តាមទូរស័ព្ទថា, បើលោកឯងដឹងថា, អ្នកណាថាខ្ញុំយកលុយ សូមហៅអ្នកនោះមកជួបខ្ញុំ ។ លោក ចំណាប់ និយាយបែបទើបងើបពីសម្រាន្ត ឬស្រវឹងបន្តថា, អត់ដឹងអីទេ ណានិយាយអីនិយាយទៅ មានលុយមកពីណា ណាគេដឹកឈើ មិនដឹងអីផង។
សូមបញ្ជាក់ផងដែរថា, លោក ណុប ឌី ជាឈ្មួញឈើ ជាជនស៊ីវិល ប៉ុន្តែប្រើរថយន្តម៉ាក ត្រាយតុន ពាក់ស្លាកលេខ (ខម) បើកពេញស្រុកឱរ៉ាល់និងពេញខេត្តកំពង់ស្ពឺ គ្មានសមត្ថកិច្ចអាជ្ញាធរណាប៉ះពាល់ឡើយ ហ្នឹងឲ្យមេការរបស់ខ្លួនម្នាក់ជិះរថយន្តកាមេរីឆ្លាម ពណ៌ត្រីឆ្លូញ បើកមើលផ្លូវ ឬចងអង្រឹងដេកតាមផ្លូវមើលសមត្ថកិច្ច មើលអ្នកប្លែក មើលអ្នកសារព័ត៌មាន ប្រៀបដូចជាកន្លែងដាក់កុងត្រូលជជុះ ដែលគ្មានអាជ្ញាធរនិងសមត្ថកិច្ចបើកភ្នែកមើលឡើយ៕
ដោយ៖សុខ ខេមរា