ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្រធានាធិបតីបារាំងប្រឈមនឹងការជាប់គុកពីបទពុករលួយ

ចែករំលែក៖

តុលាការបារាំង នឹងចេញសេចក្តីសម្រេចនៅក្នុងសវនាការកាត់ក្តី អតីតប្រធានាធិបតី Nicolas Sarkozy ពីបទពុករលួយ។ ក្នុងពេលជាមួយគ្នានេះ ក្រុមរដ្ឋអាជ្ញាបានស្នើទោសដាក់គុកសម្រាប់អតីតប្រធានាធិបតី។
លោក សាកូហ្ស៊ី កាន់តំណែងប្រធានាធិបតីបារាំងនៅឆ្នាំ២០០៧ដល់ឆ្នាំ២០១២ រងការចោទប្រកាន់ពីបទសូកប៉ាន់ចៅក្រម Gilbert Azibert ដើម្បីដោះដូរព័ត៌មានស្តីពីការស្រាវជ្រាវ ពាក់ព័ន្ធបទល្មើហិរញ្ញវត្ថុក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។ អតីតប្រធានាធិបតីវ័យ៦៦ឆ្នាំបានបញ្ជាក់ទៅកាន់តុលាការថា «ខ្ញុំមិនដែលពុករលួយឡើយ សូម្បីតែបន្តិច»។
ប៉ុន្តែ ក្រុមរដ្ឋអាជ្ញាបានស្នើដាក់ទោសជាប់គុក៤ឆ្នាំ ហើយមានការបន្ថយទោសនៅសល់យ៉ាងតិច២ឆ្នាំ ចំពោះអតីតប្រធានាធិបតី សាកូហ្ស៊ី។ ក្រៅពីនេះក្រុមរដ្ឋអាជ្ញាក៏បានស្នើដាក់ទោសមនុស្សពីរនាក់ផ្សេងទៀត គឺមេធាវីរបស់អតីតប្រធានាធិបតី លោក Thierry Herzog និងចៅក្រម Gilbert Azibertផងដែរ។
ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់លោក សាកូហ្ស៊ី និងមេធាវី Herzog បានផ្តល់សំណូកដល់ចៅក្រម Azibert ដើម្បីទទួលបានព័ត៌មានពីការស្រាវជ្រាវពាក់ព័ន្ធការទទួលប្រាក់ខុសច្បាប់ពីមហាសេដ្ឋីនី លំដាប់ទីមួយលើពិភពលោកគឺលោកស្រី Liliance Bettencourt(1922-2017) ក្នុងពេលឃោសនាបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០០៧។ មហាសេដ្ឋីនីត្រូវបានគេស្គាល់ថាជាអ្នកទទួលមរតកពីក្រុមហ៊ុន L’Oreal ។
សារព័ត៌មាន AFP បានផ្សាយថា តាមគម្រោង តុលាការបារាំងនឹងចេញសេចក្តីសម្រេចនៅថ្ងៃទី១ខែមីនានេះ (ពេលវេលានៅបារាំង)។ ក្រៅពីការចោទប្រកាន់ខាងលើ អតីតប្រធានាធិបតីនៅមានការចោទប្រកាន់ផ្សេងៗជាច្រើន ទៀត ធ្វើឲ្យលោកអាចនឹងត្រូវជាប់គុកដល់ទៅ១០ឆ្នាំ និងផាកពិន័យជាទឹកប្រាក់១លានអឺរ៉ូ។
កន្លងមកអតីតប្រធានាធិបតី Jacques Chirac ក៏ត្រូវកាត់ទោសជាប់គុក២ឆ្នាំពីបទពុករលួយដែរ ប៉ុន្តែក្រោយមក ក៏បានលើកលែងការអនុវត្តទោសជាប់គុក២ឆ្នាំនោះ ៕ ដោយ៖ធីរីណា

រូបភាព៖ thanhnien


ចែករំលែក៖