អន្តរជាតិ៖ បេីយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Today Online បាននិយាយថា បុរសឥណ្ឌាម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែមាន់ជល់របស់គាត់វាត់មួយខ្នាយចំក្រលៀន ខណៈដែលគាត់កំពុងរៀបចំដាក់មាន់នោះឲ្យជល់គ្នាក្នុងសង្វៀន។
ហេតុការណ៍នេះ បានកើតឡើងនៅភូមិដាច់ស្រយាលមួយក្នុងរដ្ឋ Telangana ភាគខាងត្បូងនៃប្រទេសឥណ្ឌា ដែលនៅទីនោះការប្រជល់មាន់ត្រូវបានចាត់ទុកជាសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់។
ប្រភពដដែលខាងលើ បន្តថា មាន់ជល់ដែលជាឃាតកសម្លាប់ម្ចាស់ខ្លួនឯងនោះ ត្រូវបានគេបំពាក់នូវខ្នាយកាំបិតដែលមានប្រវែងប្រមាណជា ៧,៥ សង់ទីម៉ែត្រនៅលើជើងរបស់វា ដើម្បីឲ្យការប្រជល់មាន់មានលក្ខណៈល្អមើលនិងឆាប់ដឹងឈ្នះចាញ់។
ប៉ុន្តែទោះជាយ៉ាងណាក្តី នៅពេលដែលបុរសរងគ្រោះកំពុងតែបីមាន់នោះទៅសង្វៀន ស្រាប់តែសត្វមាន់នោះវាក៏បានវាត់មួយខ្នាយចំក្រលៀនរបស់គាត់បណ្តាលឲ្យមានឈាមហូរយ៉ាងខ្លាំង បណ្ដាលឲ្យរងរបួសធ្ងន់។ ប៉ុន្តែដោយសារតែសង្វៀនជល់មាន់នៅកន្លែងដាច់ស្រយាលឆ្ងាយៗ ដើម្បីលាក់បាំងពីអាជ្ញាធរនោះ ទើបការបញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យមានភាពយឺតយ៉ាវរហូតធ្វើឲ្យជនរងគ្រោះត្រូវខ្សោះឈាមស្លាប់តែម្តងមុនទៅដល់មន្ទីរពេទ្យ។
ដោយឡែកអាជ្ញាធរឥណ្ឌា ក៏បានបញ្ជាក់ថា មានមនុស្សចំនួន ១៥ នាក់ផ្សេងទៀតដែលពាក់ព័ន្ធក្នុងករណីជល់មាន់ខុសច្បាប់នេះ ហើយពេលនេះខាងប៉ូលិសក៏កំពុងតាមចាប់ខ្លួនពួកគេឲ្យមកទទួលទោសតាមផ្លូវច្បាប់ផងដែរ៕
ដោយ៖ស តារា