ទីប្រឹក្សាមួយរូបរបស់លោកត្រាំ បាននិយាយទៅកាន់សារព័ត៌មាន CNN ថា អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងភរិយា Melania Trump បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចរាល់ មុនពេលចាកចេញពីសេតវិមាននៅខែមករា ។
ព័ត៌មានស្តីពីការចាក់វ៉ាក់សាំងខាងលើ កើតឡើងក្រោយពេលអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានអំពាវនាវដល់ក្រុមអ្នកគាំទ្រទៅចាក់វ៉ាក់សាំងក្នុងពេលដែលលោកថ្លែងសុន្ទរកថាកាលពីថ្ងៃទី២៨ខែកុម្ភៈនៅទីក្រុង Orlando រដ្ឋ Florida ។ លោកត្រាំបញ្ជាក់ថា ការចាក់វ៉ាក់សាំងមិនឈឺឡើយ សូមអ្នកទាំងអស់គ្នាទៅចាក់វ៉ាក់សាំង ។ សកម្មភាពខាងលើគឺជាការផ្លាស់ប្តូរ គួរឲ្យចាប់អារម្មណ៍របស់លោកត្រាំ ផ្ទុយពីពេលកាន់អំណាច ដែល លោកមិនចាប់អារម្មណ៍ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩នោះឡើយ។
កាលពីខែធ្នូ ឆ្នាំ២០២០ មន្ត្រីសេតវិមានមួយរូបបានឲ្យដឹងថា លោកត្រាំ នឹងមិនចាក់វ៉ាក់សំាងឡើយ រហូតដល់ក្រុមគ្រូពេទ្យស្នើឲ្យចាក់ទើបលោកចាក់វ៉ាក់សាំង ដោយសារតែលោកទើបជាពីជំងឺកូវីដ-១៩ ។ កាលពីខែតុលា លោកត្រាំ បានឆ្លងកូវីដ-១៩ ហើយត្រូវសម្រាកព្យាបាល ។
ចំណែកប្រធានាធិបតីបៃឌិន និងអនុប្រធានាធិបតី Kamala Harris បានចាក់វ៉ាក់សាំងរួចរាល់កាលពីខែធ្នូ ។ ជាមួយគ្នានោះអតីតប្រធានាធិបតី អូបាម៉ានិង ចច ដាប់ប៊លយូប៊ូស ប៊ីលគ្លីនតុន ក៏បានចាក់វ៉ាក់សាំងរួចរាល់ផងដែរ។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២៩,៣១៤,២៥៤នាក់ ស្លាប់ចំនួន ៥២៧,២២៦នាក់ និងជាសះស្បើយចំនួន ១៩,៨១៧,៥៣២នាក់។
នៅពេលនេះដែរ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ចំនួនករណីឆ្លងជំងឺ COVID-19 ថ្មីៗដែលបានរាយការណ៍នៅទូទាំងពិភពលោក បានកើនឡើងគួរឲ្យកត់សម្គាល់កាលពីសប្តាហ៍មុន ហើយវាជាការកើនឡើងលើកដំបូងបង្អស់ ក្នុងអំឡុងពេល៧សប្តាហ៍កន្លងទៅនេះ។ លោកស្រី Maria Van Kerkhove ដែលជាប្រធានផ្នែកបច្ចេកទេសស្ដីពីជំងឺ COVID-19 នៃអង្គការ WHO បានគូសបញ្ជាក់ប្រាប់សន្និសីទកាសែតថា «វាចាំបាច់ណាស់ដែលយើងទាំងអស់គ្នា ត្រូវតែមានវិធានការការពារដ៏តឹងរ៉ឹង… វីរុសនេះនឹងស្ទុះងើបឡើងវិញ ប្រសិនបើយើងអនុញ្ញាត ហើយយើងនឹងមិនអាចអនុញ្ញាតឱ្យវាស្ទុះងើបឡើងវិញជាដាច់ខាត»៕
ដោយ ៖ធីរីណា(រូបភាព៖ VOV)