ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចទទួលប្រជាពលរដ្ឋ៥នាក់ត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ ត្រង់ចំណុចភូមិសាស្ត្រពោធិ៍ជ្រៃ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ឯក​ ពៅ​ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ និងលោកវរសេនីយ៍ឯក ប្រាក់ សាយ​ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ បានចាត់តាំង លោកអនុសេនីយ៍ទោ ម៉ឹង​ ម៉េត​ នាយប៉ុស្តិ៍ស្ដីទី​ ប៉ុស្តិ៍នគរបាលព្រំដែនគោកលេខគីឡូ ១៣ ចំណុះឲ្យវរសេនាតូចនគរបាលព្រំដែនគោកលេខ ៨១៧ ចុះសហការជាមួយកម្លាំងយោធាសឹករងស្រុកសំពៅលូន និងកម្លាំងយោធាវរសេនាតូច ៥៣៣ ទៅទទួលប្រជាពលរដ្ឋខ្មែរពីកម្លាំងយោធាថៃអង្គភាពកងអនុសេនាធំ​១ ៣០៥ ដែលត្រឡប់មកប្រទេសកម្ពុជាវិញ។

ការទទួលបងប្អូនខ្មែរវិលត្រឡប់មកវិញនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១ខែមីន ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិសាស្ត្រពោធិ៍ជ្រៃ​ ឃុំសិរីមានជ័យ​ ស្រុកសំពៅលូន ខេត្តបាត់ដំបងដែលមានគ្នាទាំងអស់ ចំនួន ០៥នាក់ (​ស្រី ០៣នាក់) ក្នុងនោះក្មេងស្រី ០១នាក់ ដោយធ្វើឡើងក្រោមការបញ្ជាពី​ លោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ។

បន្ទាប់ពីធ្វើការសាកសួរកត់ត្រា​ឈ្មោះ​ និងធ្វើការអប់រំណែនាំរួចកម្លាំងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកបងប្អូនទាំងអស់ទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ ៣២ ស្រុកសំពៅលូនតាមការកំណត់សិន ៕

ដោយ៖ប្រថ្នា


ចែករំលែក៖