ភ្នំពេញ៖ សាកសពឧក្រិដ្ឋជនម្នាក់ ក្នុងចំណោម៤នាក់ មានឈ្មោះ រី ពិសី ហៅថាលុច ដែលបានរៀបគម្រោងចាប់ជំរិតអតីតប្រធានសាខាអគ្គីសនីខេត្តកំពង់ចាម ទារលុយ១លានដុល្លារ ប៉ុន្តែមិនបានសម្រេចក៏បែកធ្លាយដល់ជនរងគ្រោះ ក៏ប្តឹងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រៀមខ្លួនជាមុនរហូតក្រុមឧក្រិដ្ឋជនប្រដាប់ដោយអាវុធចំនួន២ដេីម ចូលមកដល់ក្នុងភូមិគ្រឹះ ហេីយត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បេីកប្រតិបត្តិការបង្ក្រាបបាញ់សម្លាប់ចំនួន៤នាក់នោះ បានមកពន្យល់សព្វម្តាយដោយប្រាប់ថា រូបគេត្រូវគេបាញ់បាក់ដៃហើយ ម៉ែ!។
បើតាមស្ត្រីជាម្តាយរបស់ជនសង្ស័យឈ្មោះ រី ពិសី ខាងលើនេះ បានឲ្យដឹងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះថា កូនរបស់គាត់ រយៈពេល៤ថ្ងៃមកហើយ គឺមានអាការចម្លែកៗ ដោយសារតែ៤ថ្ងៃហ្នឹង គឺកូនរបស់គាត់ឧស្សាហ៍ ចេញទៅផឹករាល់យប់ជាបន្តបន្ទាប់គ្នា ។
ស្ត្រីជាម្តាយ បន្តថា នៅយប់ម៉ិញក្រោយកើតហេតុនេះ រូបគាត់បានដេកយល់សុបិន្តឆុតណាស់ គឺឃើញកូនប្រុសរបស់គាត់មកប្រាប់ថា រូបគេត្រូវគេបាញ់បាក់ដៃហើយ ម៉ែ! ។ លុះរហូតមកដល់ព្រឹកឡើង ទើបរូបគាត់ជាម្តាយមកពិនិត្យមើលសពកូនរបស់ខ្លួន ទើបដឹងថា ដៃកូនរបស់ខ្លួនពិតជាត្រូវបានគេបាញ់ខ្ទេច ដូចការពន្យល់សុបិន្តរបស់កូន ពិតប្រាកដមែន ។
សូមជម្រាបថា សាកសពជនសង្ស័យឈ្មោះ រី ពិសី ត្រូវបានក្រុមគ្រួសារមកទទួលយកហើយ ដោយលើកសពដាក់ក្តាមមឈូស ហើយនិមន្តព្រះសង្ឃសូត្រមន្ត និងរៀបចំបូជា នៅឈាបនដ្ឋានក្នុងវត្តទឹកថ្លា ធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកសាកសពជនសង្ស័យចំនួន៣នាក់ទៀត ក្នុងនោះ៖ មានជនសង្ស័យម្នាក់ជាមេខ្លោង ពុំត្រូវបានក្រុមគ្រួសារចូលខ្លួនមកទទួលសាកសព ទៅធ្វើបុណ្យនោះទេ ទំនងជាខ្លាចប៉ះពាល់អាប់កិត្តិយស ? បើទោះបីហ្វេសប៊ុករបស់ជនសង្ស័យជាមេខ្លោងមានបង្ហាញរូបមួយចំនួនក្តី ។
បេីតាមប្រភពព័ត៍មានពីប្រពន្ធជនសង្ស័យឈ្មោះ រី ពិសី ក៏បានឲ្យដឹងដែរថា រូបគាត់ទើបតែបានដឹងដំណឹងថា ប្តីរបស់ខ្លួនត្រូវគេបាញ់ស្លាប់ នៅវេលាម៉ោង៤ទៅ៥ល្ងាចថ្ងៃទី០១ ខែមីនានេះទេ ។ ហើយមុនពេលទទួលដំណឹងដំបូងនោះ គឺរូបគាត់ជាប្រពន្ធបានមើលតាមគេឡាយវីដេអូបង្ហោះលេីបណ្ដាញសង្គមហ្វេសប៊ុក ដោយមើលទៅប្រហាក់ប្រហែលសង្ស័យថា ជាប្តីរបស់គាត់ដែរ ប៉ុន្តែមិនបានចាប់អារម្មណ៍ លុះរហូតវេលាម៉ោង៥ល្ងាចថ្ងៃដដែល ទើបដឹងពីអត្តសញ្ញាណ និងឈ្មោះប្តីរបស់ខ្លួនតែម្តង ។
គួររម្លឹកថា ករណីចាប់ជំរិតទារលុយ១លានដុល្លារខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡេីងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅចំណុច វិឡាលេខ ២០ ក្នុងបុរីអង្គរភ្នំពេញ ក្បែរផ្សារអ៉ីអន២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប៉ុន្តែមិនបានសម្រេច ក្រោយបែកធ្លាយដល់ជនរងគ្រោះ ក៏ប្តឹងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រៀមខ្លួនជាមុនរហូតបាញ់សម្លាប់ក្រុមឧក្រិដ្ឋជនទាំង៤នាក់នេះស្លាប់ក្នុងថ្លុកឈាមនៅកន្លែងកេីតហេតុតែម្តង។
ក្រោយកេីតហេតុ សពជនសង្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ច កម្កល់ទុកនៅឈាបនដ្ឋាន វត្តទឹកថ្លា នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ប៉ុន្ដែពុំមានឪពុកម្តាយ ឬបងប្អូនសាច់ញាតិណាមកទទួលយកទៅធ្វើបុណ្យនោះឡេីយ៕ដោយ៖ស តារា