ភ្នំពេញ៖ រថយន្តរបស់ក្រសួងសុខាភិបាលបានត្រៀមដឹកជញ្ជូនវ៉ាក់សាំងAstraZeneca បានមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ ដើម្បីទទួលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Astra Zeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន៣២៤,០០០ដូស ដែលនឹងដឹកមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៧:៥០នាទីយប់ ថ្ងៃទី២ ខែមីនា ឆ្នាំ ២០២១នេះ ។
សូមបញ្ជាក់ថា,សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍ថា, ដូចដែលក្រសួងសុខាភិបាលបានប្រកាសជូនដំណឹងរួចមកហើយថា កម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា(AstraZeneca)ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ក្នុងចំណោម១,១០៤,០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។
ប្រសិនបើពុំមានការប្រែប្រួលទេ វ៉ាក់សាំងនេះនឹងមកដល់កម្ពុជានៅម៉ោង១៩៖៥០យប់ ថ្ងៃទី២ មីនា២០២១។ លោក ម៉ម ប៊ុនហេង នឹងតំណាងអោយរាជរដ្ឋាភិបាលកម្ពុជាទទួលយកវ៉ាក់សាំងនេះពីតំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជានៅយប់ថ្ងៃទី២ មីនា២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
នេះជាផ្លែផ្កានៃកិច្ចសហការអន្តរជាតិដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគីជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ តាមគំរោងកូវ៉ាក់នឹងផ្តល់អោយយើងចំនួន ២០ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដែលស្មើនឹង៣លាន២សែននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦លាន៤សែនដូស។
កម្ពុជាសូមអរគុណចំពោះប្រទេសនានា ក្រុមហ៊ុន និង សប្បុរសជននៅលើសកលលោកដែលបានផ្តល់ជំនួយដល់យើងតាមរយៈកូវ៉ាក់។
សម្តេចថ្លែងបន្តថា ខ្ញុំសូមជំរាបបន្ថែមថា ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៤ មីនា ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានការធ្វើសន្និសីទសារព័ត៌មានផងដែរ៕
ដោយ៖ សុខ ខេមរា