ក្រុមកំពូលតារាងមេឃខៀវ Manchester City ទទួលបានជ័យជម្នះលើក្រុមភ្ញៀវ Wolverhampton Wanderers ក្នុងលទ្ធផល ៤ទល់១ ធ្វើឲ្យក្រុមខ្លាំងមួយនេះបន្តកាន់កាប់កំពូលតារាង កាន់តែធ្វើឲ្យដាច់ពិន្ទុកាន់តែឆ្ងាយពីក្រុមលេខ២ បិសាចក្រហម Manchester United ។
ការប្រកួតសម្រាប់សប្តាហ៍ទី២៧របស់ក្រុមមេឃខៀវ Man City កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ដែល BBC Sport បានចេញផ្សាយពីលទ្ធផលនោះគឺក្រុម Man City រកបាន១គ្រាប់នាំមុខលើក្រុមភ្ញៀវ Wolverhampton Wanderers នៅនាទីទី១៥ គឺជាការភ្លាត់ស្នៀតស៊ុតបញ្ចូលទីខ្លួនឯងដោយកីឡាករ Dendoncker របស់ក្រុម Wolverhampton ប៉ុន្តែនៅនាទីទី៦០ក្នុងតង់ទី២ កីឡាករ Coadyរកបាន១គ្រាប់សងវិញ។
នៅនាទីទី៨០ ខ្សែប្រយុទ្ធ Gabriel Jesus របស់ក្រុម Man City រកបាន១គ្រាប់បន្ថែមទៀត។ ការប្រកួតកាន់តែស្វិតស្វាញ នៅពេលដែលក្រុម Man City ព្យាយាមគ្រប់គ្រងបាល់បានច្រើនជាងក្រុមភ្ញៀវ និងសម្រុកកាន់តែខ្លាំង ហើយនៅចុងម៉ោងនាទីទី៩០ និងនាទីទី៩០+៣ កីឡាករ Mahrez និងខ្សែប្រយុទ្ធ Gabriel Jesus ដដែលរកបានម្នាក់១គ្រាប់ ។ ចប់ការប្រកួតក្រុមម្ចាស់ផ្ទះយកឈ្នះក្រុមភ្ញៀវក្នុងលទ្ធផល៤ទល់១ ធ្វើឲ្យក្រុម Man City បន្តការមិនដែលចាញ់ក្នុង២៦ប្រកួតកន្លងមក។
លទ្ធផលនេះធ្វើឲ្យក្រុម Man City របស់លោក Pep Guardiola ឈរកំពូលតារាងមាន៦៥ពិន្ទុ ដាច់ពីក្រុមលេខ២ Man United ១៥ពិន្ទុ ខណៈដែលក្រុម Man United នឹងប្រកួតនៅរាត្រីនេះជាមួយក្រុមម្ចាស់ផ្ទះ Crystal Palace សម្រាប់សប្តាហ៍ទី២៧របស់ខ្លួន ៕ដោយ៖ ភារៈ