អន្តរជាតិ៖ បន្ទាប់ពីក្រសួងសុខាភិបាលហ្វីលីពីន ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនបានមួយថ្ងៃ ស្រាប់តែប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញករណីឆ្លងដំបូងបំផុតនៃវីរុស COVID-19 បំប្លែងខ្លួនថ្មីមានប្រភពដើមពីប្រទេស អាហ្វ្រិកខាងត្បូង។
ជាក់ស្ដែងក្រសួងសុខាភិបាលហ្វីលីពីន នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខណៈមិនទាន់មានភស្តុតាងថាវីរុសបំប្លែងខ្លួននេះមានភាពកាចសាហាវ ដល់កម្រិតណា ការចម្លងទៅមនុស្សយ៉ាងឆាប់រហ័សរបស់វា អាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំង»។
បន្ថែមពីនេះក្រសួងសុខាភិបាលហ្វីលីពីន ក៏បានបញ្ជាក់ថា អាជ្ញាធរបានរកឃើញវីរុស COVID-19 បំប្លែងខ្លួនថ្មីចំនួន៦ករណី ដោយក្នុងនោះមាន ៣ករណីរកឃើញនៅក្នុងស្រុក និង២ករណីជាពលរដ្ឋហ្វីលីពីនមកពីក្រៅប្រទេស ហើយមួយករណីទៀត កំពុងស្ថិតនៅក្រោមការសិក្សាបញ្ជាក់ពីប្រភព។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្ដាហ៍នេះ រដ្ឋាភិបាលហ្វីលីពីន បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ហើយដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ចំនួន៦សែនដូស ដែលជាអំណោយរបស់ទីក្រុងប៉េកាំង ប្រទេសចិន៕
ដោយ៖ស តារា