ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ កងកម្លាំងត្រៀមអន្តរាគមន៍ក្នុងទីតាំងរបស់កងពលតូចថ្មើរជើងលេខ៥១ បានចេញប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៧៖០០នាទី ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានភ្លៀងលាយឡំជាមួយខ្យល់កន្រ្តាក់បណ្តាលឱ្យខូចខាតលំនៅឋានប្រជាពលរដ្ឋសរុបចំនួន១៣ខ្នង ប៉ុន្តែមិនបណ្តាលឲ្យមានរបួស ឬស្លាប់នោះទេ។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកមេបញ្ជាការ កងទ័ពជើងគោក បានផ្តល់ស័ង្កសី សម្រាប់ជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋឡើងវិញចំនួន៣ខ្នង ស្ថិតនៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាក់ថា កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ក្រៅពីភារកិច្ចស្នូល និងបេសកកម្មសហការជាមួយកម្លាំងចម្រុះប្រតិបិត្តការទប់ស្កាត់ពលករលួចឆ្លងដែនតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ កម្លាំងមួយផ្នែកគឺត្រៀមអន្តរាគមន៍ក្នុងទីតាំងត្រៀមអន្តរាគមន៍ដោះស្រាយយថាហេតុផ្សេងៗតាមបទបញ្ជារបស់ថ្នាក់លើ ។
ជាក់ស្តែងកងកម្លាំងរបស់វរសេនាតូចថ្មើរជើងលេខ៥១៣ ដឹកនាំដោយលោកវរសេនីយ៍ទោ យូ សុគន្ធភក្តី ចុះពិនិត្យស្ថានភាពជាក់ស្តែងនិងជួយជួសជុលឡើងវិញជូនប្រជាពលរដ្ឋចំនួន៤ខ្នង ដោយមានការជួយឧបត្ថម្ភកូនឈើពីសំណាក់លោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការរងទិសទី១បន្ទាយមានជ័យ។
ដោយឡែកផ្ទះចំនួន៩ខ្នងផ្សេងទៀត គឺអាជ្ញាធរក្រុងប៉ោយប៉ែត និងកងកម្លាំងនគរបាល កងរាជអាវុធហត្ថ ក្នុងមូលដ្ឋាន ផ្តល់ស័ង្កសីនិង ជួយជួសជុលឡើងវិញ។
ក្នុងឱកាសនោះដែរប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះអាជ្ញាធរមូលដ្ឋាន ថា្នក់ដឹកនាំកងពល យោធភូមិភាគទី៥; កងទ័ពជើងគោក ដែលតែងតែយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕
ដោយ៖ សូរិយា