ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះថា អ្នកដែលប្រព្រឹត្តខុសរឿងបំពានបំរាមកូវីដ-១៩ ពិសេសមន្ដ្រីរាជការ ប្រសិនបើរឿងនេះដឹងដល់សម្ដេចហើយនោះ មិនទម្លាក់ស័ក្ដិធម្មតានោះទេ គឺបកស័ក្ដិចោលតែម្ដង។
ការថ្លែងបែបនេះសម្ដេចតេជោ ហ៊ុន សែន បានលេីកឡេីងក្នុងឱកាសអញ្ជើញចាក់វ៉ាក់សាំង Astra Zeneca ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅមន្ទីរពេទ្យកាល់ម៉ែត ខណៈដែលសម្ដេចបានថ្លែងបញ្ជាក់ថា នាយនគរបាលម្នាក់ហើយ ត្រូវបានបកស័ក្ដិចោល និងចាត់វិធានការតាមផ្លូវច្បាប់ ក្រោយប្រព្រឹត្តខុសនឹងច្បាប់ ពាក់ព័ន្ធការដោះលែងមេខ្យល់ជួញដូរមនុស្សខុសច្បាប់។
ជាក់ស្ដែងប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកប្រព្រឹត្តខុសរឿងបំពានបម្រាមកូវីដ១៩ បើមកដល់ខ្ញុំហើយ មិនទម្លាក់ស័ក្តិទេ គឺបកស័ក្តិតែម្តង»។
សម្ដេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា ចំពោះការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងសាហាវផ្សេងៗទៀត គឺដើម្បីដាក់ទណ្ឌកម្មអ្នកដែលបំពានបំរាម ក្នុងពែលអំឡុងរីករាលដាលជំងឺនេះ ដោយសារអនុក្រឹត្យចាស់កន្លងទៅដែលមានច្បាប់ មិនមានដាក់ទណ្ឌកម្មនោះទេ ពោលមានត្រឹមផាកពិន័យប៉ុណ្ណោះ។
សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានចេញផ្សព្វផ្សាយពីការកែសម្រួលអនុក្រឹត្យនេះ ដើម្បីបង្កើនប្រសិទ្ធភាពសម្រាប់ការធ្វើចត្តាឡីស័ក។ ជាពិសេសចាត់វិធានការចំពោះអ្នកដែលមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក។ អនុក្រឹត្យនេះ បានសម្រេចបង្កើនកម្រិតការផាកពិន័យធ្ងន់ធ្ងរជាងមុនសម្រាប់ជនគេចវេះ និងជនឃុបឃិតក្នុងការគេចវេះពីការធ្វើចត្តាឡីស័ក។
គួរបញ្ជាក់ថា ការកែសម្រួលបង្កើនកម្រិតប្រាក់ពិន័យធ្ងន់ធ្ងរ ចំពោះអ្នកមិនចូលរួមធ្វើចត្តាឡីស័កនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានរកឃើញថា មានពលករមួយចំនួន ដែលត្រឡប់មកពីប្រទេសថៃ បានគេចវេះមិនធ្វើចត្តាឡីស័កនៅព្រំដែន។ ហេីយករណីបែបនេះ បានឈានទៅដល់ការដកតំណែងអធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបងម្នាក់ និងបញ្ជូនខ្លួនទៅតុលាការ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ផងដែរ៕
ដោយ៖ស តារា