ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១ មន្ត្រីនៃមន្ទីរសុខាភិបាលបានចុះមកយកសំណាកអ្នកដែលពាក់ព័ន្ធជាជនជាតិចិន នៅតាមផ្ទះ និងហាងជុំវិញផ្សារទំនើបនោះទៅពិនិត្យ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ លើជនជាតិចិនចំនួន ២នាក់។ មិនតែប៉ុណ្ណោះ មន្ទីរសុខាភិបាល ក៏បានបិទទ្វារផ្ទះ និងហាងនៅជុំវិញផ្សារទំនើបរតនាផ្លាហ្សាផងដែរ។
ករណីខាងលើនេះ បានកើតឡើងនៅពហុព្យាបាលនៅបន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ ក្នុងឧសថស្ថានរងជីនប៉ោឆេង ផ្ទះលេខ២៧ និង២៩ ផ្លូTV បុរីកាណាឌីយ៉ា ក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាយប់ថ្ងៃទី៣ មីនា ឆ្នាំ២០២១។
បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនជាតិចិនត្រូវបានមន្ត្រីមន្ទីរសុខាភិបាល និងអាជ្ញាធរបានណែនាំឱ្យធ្វើចត្តាឡីស័ក ព្រមទាំងយកសំណាកទៅធ្វើការពិនិត្យផងដែរ ។
ប៉ុន្តែផ្សារទំនើបរតនាផ្លាហ្សា គឺពុំត្រូវបានបិទនៅឡើយទេ ខណៈនៅជុំវិញផ្សារទំនើបនេះគឺសុទ្ធតែហាងជនជាតិចិននិងផ្ទះ ដែលបើកលក់ដូររកស៊ី ត្រូវបានបិទទ្វារ។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៨ជិត៩យប់ថ្ងៃទី៣ មីនា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ បន្ទាប់ពីមានអ្នកជំងឺជាជនជាតិចិន២នាក់បានមកព្យាបាលនៅចំណុចបន្ទប់ពិគ្រោះ និងព្យាបាលជំងឺខាងលើនោះ ហើយក៏ធ្វើតេស្តរកឃើញករណីវិជ្ជមានវីរុសឆ្លងមួយនេះ និងត្រូវបានខាងមន្ទីរពេទ្យយកទៅព្យាបាល ហើយក្រោយមកតំបន់ជុំវិញនោះក៏ត្រូវបានហាមឃាត់ ។
លុះព្រឹកឡើងទើបសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីសុខាភិបាលបានសហការគ្នាចុះប្រមូលជនជាតិចិនប្រមាណ១០០នាក់ដែលនៅជុំវិញនោះ ដើម្បីយកសំណាកទៅពិនិត្យ ៕
ដោយ៖ ចន្ទ លីហ្សា