ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវបានឃាត់ខ្លួនបុរស៣នាក់ករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះមាន៖
១-ឈ្មោះ រេះ សូហ្វី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅផ្ទះគ្មានលេខ ភូមិដើមអំពិល សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
២-ឈ្មោះ សារ៉េត រូវី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
៣-ឈ្មោះ លី រ៉ាហ្វីន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅ ផ្ទះលេខ៦៥៧ ក្រុម១ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។
សម្ភារដកហូត:
– ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៣កញ្ចប់
ជារបស់ជនសង្ស័យឈ្មោះ សារ៉េត រូវី។
– រថយន្តមួយគ្រឿងម៉ាកវីស្តូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2T-3073 ។
នៅក្នុងនោះ លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវក៏ បានអំពាវនាវដល់ប្រជាពលរដ្ឋយុវជនយុវតីទាំងអស់សូមមេត្តាជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះវាជាអំពើខុសច្បាប់និងធ្វើឱ្យយើងបាត់បង់ស្មារតីលែងស្គាល់ខុសត្រូវ លែងស្គាល់ឪពុកម្តាយបងប្អូនខាតបង់ការសិក្សានិងទ្រព្យសម្បត្តិ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជីណា