ខេត្តកណ្ដាល៖ យុវជនម្នាក់បន្ទាប់ពីច្រៀងនិងលេងភ្លេងមង្គលការគេនៅខេត្តព្រៃវែងវិញ ខណៈជិះម៉ូតូមកដល់ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងតាមពីក្រោយ រួចពេលមកដល់អែបជនរងគ្រោះបានធាក់ផ្ដួល យកម៉ូតូបានសម្រេច។ ករណីនេះបានកើតឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ នៅចំណុចផ្លូវបេតុង(ក្នុងវត្តគិរីរតនា)ស្ថិតនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ សុីធឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកលេងភ្លេង រស់នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង(មិនស្គាល់អត្តសញ្ញាណ) ។ដោយឡែកសម្ភារ:បាត់បង់មានម៉ូតូ១គ្រឿងម៉ាកហុងដា BEAT ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ កណ្ដាល1AL-5802 ។
ប្រភពដដែលបន្តថា កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២និង១៥
នាទី ឈ្មោះ សុខ សុីធឿន បានជិះម៉ូតូមកពីកម្មវិធីច្រៀងនិងលេងភ្លេងក្នុងកម្មវិធីមង្គលការគេនៅស្រុកព្រះស្តេច ខេត្តព្រៃវែងវិញ ខណៈមក
ដល់រង្វង់មូលអ្នកលឿងត្រើយខាងលិច ឃើញមនុស្ស៤នាក់ជិះម៉ូតូ២គ្រឿង ដេញពីក្រោយខ្លួន ដោយយប់ស្ងាត់ ជនរងគ្រោះក៏ជិះម៉ូតូមកដល់ផ្លូវបេតុងក្នុងវត្តគិរីរតនារាម ខណៈនោះជនសង្ស័យបានជិះម៉ូតូមកអែប ហើយកៀរម៉ូតូជនរងគ្រោះរួចធាក់ម៉ូតូជនរងគ្រោះឲ្យដួល ក្នុងនោះជនសង្ស័យម្នាក់ បានទាញកាំបិតប៉័ងតោមកកាប់ជនរងគ្រោះតែមិនត្រូវ ។ ពេលនោះ ពួកជនសង្ស័យបានលើកម៉ូតូជនរងគ្រោះជិះចេញទៅត្បូងបាត់ទៅ ។ លុះព្រឹកឡើង ជនរងគ្រោះបានមករាយការណ៍និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំតែម្ដង៕
ដោយ៖ស្អាង ជ័យ