ព័ត៌មានទាន់ហេតុការណ៍៖

អតីតមេឃុំអូរបីជាន់លោកសួង មឿនបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អតីតមេឃុំអូរបីជាន់ម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនៅវេលាម៉ោង២៤និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ខែមីនាឆ្នាំ២០២១នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១០-១១ក្នុងភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុក អូរជ្រៅ។

 ជនរងគ្រោះមានឈ្មោះសួង មឿន ភេទ ប្រុស អាយុ៦៧ឆ្នាំ(ស្លាប់)ជាអតីតមេឃុំអូរបីជាន់ មានទីលំនៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ចំណែកអ្មកបើកបរឈ្មោះសួន វី  ភេទប្រុសអាយុ៥២ឆ្នាំ រងរបួសធ្ងន់ មានលំនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

 សមត្ថកិច្ចមូលដ្ឋានប្រាប់ថា មុនកើតហេតុជនរងគ្រោះទាំង២នាក់បានធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យក្នុងគោលដៅមកផ្ទះវិញដោយរថយន្តម៉ាកកាមរី ពណ៌ស ពាកស្លាកលេខភ្នំពេញ2E -4023បើកបរដោយឈ្មោះសួន វី ភេទ ប្រុស អាយុ៥២ឆ្នាំ  ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដែលគេសង្ស័យថាអ្នកបើកបរមានសារធាតុស្រវឹង លុះដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកដើមអម្ពិលទឹកបង្កគ្រោះថ្នាក់តែម្ដង។

 រីឯអ្នករងរបួសបាក់កជើងទាំងសងខាងនិងបាក់ដើមដៃខាងឆ្វេងបែកក្បាលបែកមាត់ត្រូវបានរថយន្ដនគរបាលប៉ុស្ដិ៍អូរបីជាន់ដឹកទៅមន្ទីរពេទ្យបង្អែកអូរជ្រៅ តែដោយសារសភាពធ្ងន់ធ្ងរពេកក៏បញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី ។  ចំពោះសពអតីតមេឃុំអូរបីជាន់បានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖វណ្ណា


ចែករំលែក៖