ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំរបស់លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ លោក ជា ខេមា អភិបាលរងខណ្ឌ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ បានដឹកនាំក្រុមការងារបានបន្តចុះផ្សព្វផ្សាយ និងចែកម៉ាស់សម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជូនបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះជាច្រើនគ្រួសារ និងក្នុងផ្សារព្រែកព្នៅ ជាច្រើអ្នកផងដែរ។
ក្នុងការចែកម៉ាស់នេះក្រុមការងាររបស់សង្កាត់ព្រែកព្នៅ បានបន្តចុះធ្វើការណែនាំបន្ថែម ដល់ម្ចាស់ ហាងលក់ទំនិញ ភោជនីយដ្ឋាន អាហារដ្ឋាន ក្នុងមូលដ្ឋានសង្កាត់ ត្រូវអនុវត្តអោយបានម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមអនុវត្ត (៣ការពារ ៣កុំ) ដើម្បីចូលរួមបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ក៏ដូចជាក្នុងខណ្ឌព្រែកព្នៅទាំងមូល។
គួរបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុប៩៣២ករណី ក្នុងនោះអ្នកជំងឺ៤៨៩នាក់ បានជាសះស្បើយ។ ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ៤២៥នាក់ ក្នុងនោះ មានប្រុស២១៣នាក់ និងស្រី២១២នាក់ផងដែរ៕
ដោយ ៖ ព្រែកសំរោង