ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវកម្លាំងនគរបាលខណ្ឌបឹងកេងកងធ្វើការស្រាវជ្រាវតាមចាប់ឃាត់ខ្លួន បន្ទាប់ពីជននេះរួមនឹងបក្សពួកធ្វើសកម្មភាពលួចយកទូរស័ព្ទដៃម៉ាក OPPO បានសម្រេចហើយនាំគ្នារត់គេចខ្លួនបានជិត១ថ្ងៃ កាលព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨និង០៩នាទី នៅត្រង់ចំណុចផ្ទះកំពុងជួសជុលលេខ១៣៦ ផ្លូវលេខ៤៣០ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ឆេវ គឹមសល់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ (គ្មាន) ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ គីម ភេទប្រុស អាយុប្រហែល១៨ឆ្នាំរត់គេចខ្លួនរួច ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១វេលាម៉ោង៧និង៣៧នាទីព្រឹក ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកHonda Dream ពណ៌ខ្មៅ ឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IR-9780 បានមកឈប់មុខផ្ទះកំពុងជួសជុលលេខ ១៣៦ ផ្លូវលេខ៤៣០ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រួចក៏នាំគ្នាចុះចូលទៅក្នុងផ្ទះនោះគ្រប់ជាន់ ហើយជនសង្ស័យបានលួចយកទូរស័ព្ទដៃមួយគ្រឿងម៉ាក OPPOពណ៌ក្រហមដែលគេទុកនៅលើតុសម្អាងបានសម្រេចរួចនាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់។ បន្ទាប់មកនៅវេលា១១និង០៥នាទី ថ្ងៃដដែល ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដោយយកវីដេអូតាមរយៈកាមេរ៉ាសុវត្ថិភាព ដែលជនសង្ស័យធ្វើសកម្មភាពលួចទូរស័ព្ទខ្លួនមកជាមួយផង។
លុះមកដល់ព្រឹកថ្ងៃទី៥ ខែមិីនា ឆ្នាំ២០២១ វេលាម៉ោង៨និង០៩នាទី ជនរងគ្រោះឃើញជនសង្ស័យទាំង២នាក់ ជិះម៉ូតូមួយគ្រឿងខាងលើតាមបណ្តោយផ្លូវលេខ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ខលទៅសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកដើម្បីឱ្យជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ តែសមត្ថកិច្ចឃាត់បានជនសង្ស័យតែម្នាក់ខាងលើ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ គីម ភេទប្រុស អាយុប្រហែល១៨ឆ្នាំរត់គេចខ្លួនរួច ។
នៅចំពោះមុខសមត្ថកិច្ចជំនាញជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទមួយគ្រឿងខាងលើកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ពិតប្រាកដមែន ។
កន្លងមកជនសង្ស័យខាងលើបានសារភាពថា ខ្លួននិងបក្សពួកធ្លាប់ធ្វើសកម្មភាពលួចយកម៉ូទ័រផ្សារដែកមួយគ្រឿងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២:០២នាទី នៅចំណុចផ្ទះកំពុងជួសជុលលេខ 91A ផ្លូវ ១៧៣ ភូមិ១ សង្កាត់ទំនប់ទឹក ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជីណា