ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បន្តយុទ្ធនាការចុះបង្ក្រាបទីតាំងinternet បង្កប់ភ្នាល់បាល់

ចែករំលែក៖

       ភ្នំពេញ៖ នាពេលកន្លងមករហូតដល់បច្ចុប្បន្ន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញតែងតែ ជម្រុញអោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អោយយកចិត្តទុកដាក់ពីបញ្ហា បទល្មើសជាក់ស្ដែង ទីតាំងបង្កប់ល្បែងស៉ីគ្រប់ប្រភេទ ដែលខុសពីគោលនយោបាយភូមិឃុំមាន សុវត្ថិភាព ត្រូវការចុះបង្ក្រាប ភ្លាម។ ដូច្នេះ លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានបញ្ជាកម្លាំងចុះ បង្ក្រាបជាក់ស្ដែងតែម្ដង នៅទីតាំងinternet បង្កប់ល្បែងភ្នាល់បាល់ តាមអនឡាញ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០នាក់(ស្រី០៥នាក់)និងដកហូតសម្ភារកុំព្យូទ័រមួយចំនួន។

ក្នុងប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១មានការបញ្ជាផ្ទាល់ដោយ លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ចុះបង្ក្រាបទីតាំងinternet នៅចំណុចផ្ទះលេខ261AE0 មហាវិថីម៉ៅសេទុង (ផ្លូវលេខ245) ភូមិ1 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីមន្រ្តី ខណ្ឌទួលគោក បានអោយដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាប ជាក់ស្ដែងនេះ គឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការស្រាវជ្រាវស៊ើបអង្កេត ច្បាស់លាស់ពិតជាមានល្បែងភ្នាល់ពិតប្រាកដ ទើបលោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានបញ្ជាអោយកម្លាំងគណៈបញ្ជាការឯកភាពសហការជាមួយសង្កាត់និងប៉ិស្តិ៍រដ្ឋបាល ចុះបង្ក្រាបនៅទីតាំងinternet បង្កប់ល្បែងភ្នាល់បាល់តាម អនឡាញ នេះដោយឃាត់ខ្លួនមនុស្សចំនួន១០នាក់ (ស្រី០៥នាក់) ដែលជាអ្នកកត់ប៉ុងបាល់ និងជាអ្នកមកលេងល្បែង ថែមទៀតនិងដកហូតទូកុំព្យូទ័រជាង១០គ្រឿងផងដែរ។

ក្រោយចប់ប្រតិបត្តិការ កម្លាំងគណៈបញ្ជាការបាននាំខ្លួនមនុស្សប្រុសស្រី និងវត្ថុតាងរួមមានកុំព្យូទ័រ ទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖