ខេត្តបន្ទាយមនាជ័យ៖ កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ តាមបណ្តាកងឯកភាពចំណុះទីបញ្ជាការកងពល ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
គួរកត់សម្គាល់ថា ស្ថិតនៅក្នងស្ថានភាព ជំងឺឆ្លងរីករាលដាលកូវីដ-១៩ ចូលក្នុងសហគមន៍ កម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានចេញប្រតិបត្តិការ បំពេញបេសកកម្ម សហការជាមួយកម្លាំងចម្រុះ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នងខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមទប់ស្កាត់ពលករលួចឆ្លងដែនដោយមិនបានធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បានបញ្ជាក់ថា កន្លងមកនេះការងារបង្កបង្កើនផល និងចិញ្ចឹមសត្វរបស់អង្គភាព ក្រៅពីផ្គត់ផ្គង់សម្រាប់កងទ័ពហូបក្នងទីតាំង គ្រប់បណ្តាអង្គភាពប្រមូលផលបានបញ្ជូនទៅឱ្យកម្លាំងជួរមុខបន្ថែមលើគោលរបបហូបប្រចាំថ្ងៃរបស់កងទ័ព ដើម្បីធានាបានបន្លែសុវត្ថិភាព និងសុខុមាលភាពរបស់កងទ័ព។
សូមបញ្ជាក់ថា បន្លែចម្រុះដែលអង្គភាពផលិតបាន ក្រៅពីផ្គត់ផ្គង់សម្រាប់កងទ័ពហូបប្រចាំថ្ងៃ អង្គភាពបានចែកជូន គ្រួសារកងទ័ព និងមួយចំនួនទៀតលក់ទៅទីផ្សារ សន្សំថវិកាកសាងអង្គភាពផងដែរ។
ក្នុងឱកាសនោះដែរ លោកនាយសេនាធិការកងពល បានថ្លែងកោតសរសើរដល់គ្រប់បណ្តាអង្គភាពចំណុះ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានដែលបានខិតខំអនុវត្តតាមផែនការដែលកងពលដាក់ចុះទទួលបានលទ្ធផលល្អ៕
ដោយ ៖ សូរិយា