ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋមីយ៉ាន់ម៉ានាំគ្នាទៅដកលុយចេញពីធនាគារខ្លាចប្រព័ន្ធធនាគារ ដួលរលំ បាត់លុយអស់

ចែករំលែក៖

ឧបការីអង្គការសហប្រជាជាតិប្រចាំនៅប្រទេសមីយ៉ាន់ម៉ា លោកស្រី Christine Schraner Burgener បានបញ្ជាក់នៅថ្ងៃទី ៥ខែមីនាថា ពលរដ្ឋមីយ៉ាន់ម៉ាបាននាំគ្នាទៅដកប្រាក់ចេញពីបណ្តាធនាគារនៅក្នុងប្រទេសនេះដោយខ្លាចប្រព័ន្ធធនាគារលែងដំណើរការ ។
លោកស្រី Burgener បានបញ្ជាក់ថា «ពលរដ្ឋនាំគ្នាទៅកាន់ធនាគារ និងម៉ាស៊ីនដកលុយ ATM ដើម្បីដកប្រាក់ ដោយខ្លាចប្រព័ន្ធធនាគារផ្អាកដំណើរការយូរអង្វែង ក្រោយការធ្វើរដ្ឋប្រហារ ។ នៅពេលនេះ សាខានានារបស់ធនាគារក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបិទដោយខ្លាច ចោរប្លន់ ក្រោយប្រទេសជាតិធ្លាក់ក្នុងវិបត្តិ ពិសេសក្រោយកម្លាំងប៉ូលិសជាច្រើនបានឈប់ធ្វើការឈប់ស្តាប់តាមការបញ្ជាពីកម្លាំងទាហាន។
លោកស្រី Burgener បន្តទៀតថា វិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាជះឥទ្ធិពលយ៉ាងអាក្រក់ដល់វិស័យផលិត អាជីវកម្ម វិនិយោគ ទាំងក្នុងនិងក្រៅប្រទេស។ នៅពេលនេះសេវាកម្មបញ្ជូន ផ្ទេរប្រាក់អន្តរជាតិត្រូវបានបិទ ។ លោកស្រីបន្តទៀតថា មានបាតុករជាច្រើនស្លាប់ដោយត្រូវគ្រាប់កាំភ្លើងពិត ។ ការប្រើប្រាស់កាំភ្លើងបាញ់ទៅលើបាតុករអហិង្សា គឺជាការបំពានច្បាប់ មនុស្សធម៌អន្តរជាតិ។
កាលពីថ្ងៃទី ២៨ខែកុម្ភៈប្រធានធនាគារ មីយ៉ាន់ម៉ា បានប្រកាស កំណត់ចំនួនទឹកប្រាក់ដែលពលរដ្ឋដកចេញពីធនាគារ និងម៉ាសុីន ATM។ បុគ្គលម្នាក់ៗ មិនអាចដកប្រាក់ លើសពី២លាន គីយ៉ាត(Kyat)ប្រមាណ១៤០០ដុល្លារអាមេរិកក្នុងមួយសប្តាហ៍បាននោះទេ។ ចំណែកបណ្តាក្រុមហ៊ុន មិនអាចដកប្រាក់លើសពី២០លានគីយ៉ាតឡើយ ក្នុងមួយសប្តាហ៍។ ចំណែកការដកប្រាក់ចេញពីម៉ាស៊ីន ATM វិញ គឺអាចដកបានតែ៣៥០ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ៕ ដោយ ៖ធីរីណា

រូបភាព៖vietnamfinance


ចែករំលែក៖