ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលចរាចរណ៍បន្តសកម្មភាពឃាត់រថយន្តធុនធំនិងរថយន្តដឹកសំពីងសំពោងយកមកចាត់វិធានការតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង, នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង រូមជាមួយយោបល់របស់លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងផែនការងារនគរបាលសណ្ដាប់ធ្នាប់ លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានបានដឹកនាំកងកម្លាំងនគរបាលចរាចរណ៍ ចុះឃាត់រថយន្តធុនធំជាប្រភេទដឹកទំនិញ ដែលបើកបរល្មើសផ្លាកសញ្ញាហាម​ចូលក្រុង និង រថយន្តដឹកទំនិញសំពីង​សំពោង យកមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

សូមជម្រាបជូនថា ក្នុងរយៈពេលជាងមួយសប្តាហ៍​មកនេះ សមត្ថកិច្ចនគរបាលការិយាល័យ​ចរាចរណ៍បាន អនុវត្ត ឃាត់រថយន្តដែលដឹកសំ​ពីង​សំពោង រថយន្តល្មើសនឹងស្លាកសញ្ញាដែលហាមឃាត់ចំពោះការចរាចរណ៍លើផ្លូវដែល​បានហាមឃាត់បានចំនួន ០២លើកមកហើយ ។

លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិ​យាល័យនគរបាលចរាចរណ៍ផ្លូវគោកបានលេីកឡេីងថា ការអនុវត្តច្បាប់ចរាចរណ៍ចំពោះអ្នកប្រើប្រា​ស់មធ្យោបាយដែលល្មើស គឺសមត្ថកិច្ចនគរបាលត្រូវអនុវត្តជាប់ជាប្រចាំ គឺមិនអាចអនុវត្តតែមួយថ្ងៃឬពីរថ្ងៃហើយ អ្នកប្រព្រឹត្តិគាត់ ឈប់ប្រព្រឹត្តិល្មើស​នោះទេ ហើយចំពោះម្ចាស់យានយន្តណាដែលទទួលការផាកពិន័យរួចហើយ នៅតែបន្តសកម្មភាពល្មើសបន្តទៀតនោះ សមត្ថកិច្ចរបស់លោកនឹងអនុវត្តនូវកំហុសឆ្គងនោះបន្ថែមទៀតស្របតាមច្បាប់ និងអនុក្រិត្យរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ ។

ទោះជាយ៉ាងនេះក្តីលោកនាយការិយាល័យនគរបាលចរាចរណ៍សូមធ្វើការអំពាវនាវម្តងហើយ​ម្តងទៀតចំពោះអ្នកប្រើប្រាស់ ផ្លូវពិសេសម្ចាស់យាន​យន្តដឹកទំនិញគ្រប់ប្រភេទសូមមេត្តាគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ទាំងការបើកបរ ការដឹកទំនិញ និងការគោរពស្លាកសញ្ញាជាដើម ដើម្បីចៀសវាងនូវការផាកពិន័យចំពោះអំពើល្មើសផង និងករណីបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកធ្វើដំណើរលើដងផ្លូវផង៕

ដោយ៖ សិលា


ចែករំលែក៖