ខេត្តតាកែវ ៖ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ អមដំណើរ លោក អ៊ូច ភា អភិបាល ខេត្តតាកែវ អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង នៅតាមបណ្តាគោលដៅ ដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-វៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ។ លោក អ៊ូច ភា អភិបាល ខេត្តតាកែវ បាន ឧបត្ថម្ភ មី ៣៦០កេស ត្រីខ ២០កេស ទឹកស៊ីអ៊ីវ ២០០កេស និងទឹកសុទ្ធ ចំនួន ២០០កេស ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងនគរបាលការពារព្រំដែន ដែលឈរជើង ការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមព្រំដែនកម្ពុជា-វៀតណាម ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ បានដាក់បទបញ្ជាដល់កងកម្លាំងឈរជើងគ្រប់បណ្តាគោលដៅ រួមមាន កងវរសេនាតូចលេខ១ ផ្នែកសឹករង ទាំង០៤ ដែលជាប់ព្រំដែន ត្រូវយកចិត្ដទុកដាក់ សហការជាមួយ នគរបាលការពារព្រំដែនចេញល្បាតត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង និងមិនអនុញ្ញាត ឲ្យមានប្រជាពលរដ្ឋទាំងសងខាង លួចឆ្លងដែន ដែលមិនបានធ្វើចត្តាឡីស័កជាដាច់ខាតនៅគ្រប់បណ្តាគោលដៅទាំងអស់ ។
លោក អ៊ូច ភា អភិបាល ខេត្តតាកែវបានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងទាំងអស់ ដែលបានឈរជើងការពារនៅគោលដៅរបស់ខ្លួន ប្រកបដោយភាពអំណត់ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីធានាក្នុងកិច្ចការពារសុខសុវត្ថិភាពជូនជាតិមាតុភូមិ និងប្រជាជន ពីជំងឺដ៏កាចសាហាវនេះ។ បន្ថែមពីនោះ ឯកឧត្តម ក៏បានក្រើនរំលឹកដល់កងកម្លាំងឲ្យយកចិត្តទុកដាក់ ថែរក្សាសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ និងមានការប្រុងប្រយ័ត្នខ្ពស់អំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕
ដោយ៖ សិលា