ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកស្រាស្រវឹងក្នុងកម្មវីធីមង្គលការគេរួចដើរទៅក្រោយភូមិរអិលជើងធ្លាក់ចូលស្រះត្រីលង់ស្លាប់

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសវិកលចរិតម្នាក់បានលង់ទឹកស្លាប់ខណៈផឹកស្រាស្រវឹងជោកជាំនៅក្នុងរោងការកូនអ្នកស្រុក រួចហើយដើរទៅក្រោយភូមិរអិលជើងធ្លាក់ចូលស្រះចិញ្ចឹមត្រីគ្មានអ្នកដឹងជួយសង្គ្រោះទាន់ពេល។

ហេតុការណ៍មនុស្សលង់ទឹកស្រះចិញ្ចឹមត្រីស្លាប់នោះបានកើតឡើងនៅវេលាម៉ោងប្រហែល១រំលងអធ្រាត្រឈានចូលថ្ងៃទី០៥ខែមីនាឆ្នាំ២០២១នៅចំណុចក្រោយភូមិជ្រោយស្នែងក្របីក្រោម ឃុំកំពង់គរ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។

  ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះ សាញ់ ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំជាមនុស្សវិកលចរិត រស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពបន្តថា ជនរងគ្រោះក្រោយពីផឹកស្រាស្រវឹងជោកជាំនៅក្នុងរោងការហើយក៏ដើរទៅខាងក្រោយភូមិស្រាប់តែរអិលជើងធ្លាក់ទៅក្នុងស្រះចិញ្ចឹមត្រីលង់ទឹកស្លាប់តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យ រួចហើយក៏បានប្រគល់សពឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖