ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋឃាត់ខ្លួនជនសង្ស័យម្នាក់ប្រគល់ជូនសមត្ថកិច្ចក្រោយពីឆ្កឹះសោរបន្ទប់លួចទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពឆ្កឹះសោរបន្ទប់ជួលកម្មការិនីបានសម្រេចខណៈកំពុងរេីកកាយក៏ត្រូវប្រជាពលរដ្ឋឃេីញទាន់ស្រែកឆោឡោឡេីងនិងឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅបន្ទប់ជួលជាន់ទី១ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះចេន ប៊ុនធីម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ប្រើប្រាស់គ្រឿងញៀនជាង១ឆ្នាំមកហើយ ស្នាក់នៅក្នុងភូមិកើតហេតុ មានស្រុកកំណើត នៅខេត្តរតនគិរី ។ សមត្ថកិច្ចដកហូតបានវត្ថុតាង ដែកសម្រាប់ ឆ្កឹះសោ១ដើម សោចាក់ទ្វារ១ ។

តាមសម្តីបុរសឈ្មោះ ឡុង យុត អាយុ៦២ឆ្នាំ មានទីលំនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ បន្ទប់ជួលដែលជនសង្ស័យធ្វើសកម្មភាពនោះ បានបិទទ្វារ ចាក់សោ ដោយម្ចាស់ចេញទៅធ្វើការបាត់ហើយ ស្រាប់តែនៅវេលាម៉ោងខាងលេី ជនសង្ស័យធ្វើសកម្មភាពឆ្កឹះសោចូល លួចទ្រព្យសម្បត្តិ កំពុងតែរើកកាយ ត្រូវបានអ្នកក្បែរខាងឃើញទាន់ ស្រែកឆោឡោ ផ្អើលនាំគ្នាចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។

តាមសម្តីជនសង្ស័យ បានសារភាពថា ខ្លួនពិតជាប្រើប្រាស់ដែកឆ្កឹះសោបន្ទប់ចូលលួចទ្រព្យសម្បត្តិមែន មិនទាន់យកចេញបានផង ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបានតែម្តង ។

ជនសង្ស័យបន្ទាប់ពីចាប់ខ្លួនបាន សមត្ថកិច្ចនាំយកទៅប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការតាមនីតិវិធី ៕


ចែករំលែក៖