ភ្នំពេញ៖ នាថ្ងៃអាទិត្យ ៩រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១, លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់កិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត។
លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍បើកអង្គប្រជុំ និងបញ្ជាក់ជូនពីឯកសារសំខាន់ៗ ។
បន្ទាប់មកលោក ញ៉ឹក បានខេង អនុប្រធានគណៈប្រចាំការគណបក្សខេត្ត បានអញ្ជើញអានជូនអង្គប្រជុំនូវសេចក្ដីព្រាង របាយការណ៍ បូកសរុបលទ្ធផលការងារក្នុងខែកុម្ភៈ ឆ្នាំ២០២១ និងទិសដៅភារកិច្ចសម្រាប់រយៈពេលបន្ត ។
លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អញ្ជើញមានប្រសាសន៍ដឹកនាំការពិភាក្សា អនុម័តលើសេចក្ដីព្រាងរបាយការណ៍ និងបន្ទាប់មកបានមានប្រសាសន៍បញ្ជាក់ជូនអំពីសារៈសំខាន់ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២, ការប្ដេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្ស ដើម្បីទទួលបានជ័យជម្នះ និងបានមានប្រសាសន៍, ផ្ដល់អនុសាសន៍ដឹកនាំ ព្រមទាំងលើកសរសើរដល់ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់របស់ខេត្តកំពង់ធំ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អក្នុងពេលកន្លងមកផងដែរ ៕
ដោយ៖សិលា