ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយលោកឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការនៃការបង្ក្រាបទីតាំងលួចបើកខារ៉ាអូខេ ដែលផ្គើននឹងការណែនាំរបស់រាជរដ្ឋាភិបាល ហើយត្រូវបានកងកម្លាំងមានសមត្ថកិច្ច ចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញចុះបង្ក្រាបចំនួន៣ទីតាំងកាលពីយប់ថ្ងៃទី១០មីនា កម្លាំងមានសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរស ស្ត្រីបានចំនួន៥៧នាក់ បញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។
លោក ហួត ហៃ. អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ខែ មិនានេះថា៖ អនុវត្តទៅតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីនិងជាប្រធានគណៈជាការឯកភាពរាជធានីភ្នំពេញ បុរស និងនារីទាំង៥៧នាក់ត្រូវបានបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី ។
លោកបញ្ជាក់ថា៖ ក្នុងចំនួន៥៧នាក់នេះ យើងបានឃាត់ខ្លួននៅភោជនីយដ្ឋានANGEl លួចបើកខារ៉ាអូខេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១១ ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា ចំនួន២២នាក់ ហើយក្នុងចំនួននេះមាន មេការ៣នាក់។ នៅភោជនីយដ្ឋាន អាត់ជួង ដែលស្ថិតនៅក្បែរស្តុបលូរប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យដែលជាហាងលួចលាក់បេីកខារ៉ាអូខេដែរនោះ ឃាត់ខ្លួនបានប្រុស ស្រីចំនួន៣៥នាក់ មេការចំនួន៣នាក់និងទី៣នៅបាបារំាងមួយទីតាំងក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។
លោកបញ្ជាក់ទៀតថា៖ នៅព្រឹកថ្ងៃទី១១ មិនានេះកម្លាំងមានសមត្ថកិច្ចបានធ្វើការសាកសួរនិងធ្វើតេស្តទឹកនោម ដើម្បីរកសារធាតុញៀន ហើយក៏បានរកឃើញមានពាក់ព័ន្ធនឹងគ្រឿងញៀនមួយចំនួនផងដែរ ។ចំពោះអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀន កម្លាំងមានសមត្ថកិច្ចនឹងបញ្ជូនទៅមជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីបន្សាបគ្រឿងញៀន ។ចំពោះនារីបម្រើនៅក្នុងខារ៉ាអូខេ យើងបានធ្វើកិច្ចសន្យាអប់រំ ឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ នឹងតម្រូវឱ្យពួកគេធ្វើចត្តាឡឺស័កចំនួន១៤ថ្ងៃ។ដោយឡែកចំពោះមេការទាំង៦នាក់ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញដើម្បីអនុវត្តទោសទៅតាមច្បាប់។
លោកហួត ហៃ បានបន្តទៀតថា៖ តាមការណែនាំរបស់លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គឺបានដាក់បញ្ជាឱ្យខណ្ឌទាំង១៤ ពង្រឹងឡើងវិញធ្វើយ៉ាងណា ទប់ស្កាត់ឲ្យបាន នូវការលួចបើកខារ៉ាអូខេបំពានទៅនឹងការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ៕
ដោយ៖សំរិត