ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកទី៧នៅក្រុមហ៊ុនហង្សមាសគឺអ្នកដឹកនាំសម្ដែង និងនិពន្ធបទចម្រៀង លោក លី ស៊ីនហួន មានវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២១នេះ លោក វ៉ែន វណ្ណា ហៅ លី ស៊ីនហួន អ្នកដឹកនាំសម្ដែង និងជាអ្នកនិពន្ធបទចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីធ្លាប់មានទំនាក់ទំនងជាមួយតារាចម្រៀង លោក ណុប បាយ៉ារិទ្ធិ និងគ្រូភ្លេងលោក សាន សុវណ្ណឌីន។ លោកបានក្លាយជាបុគ្គលិកទី៧របស់ក្រុមហ៊ុនហង្សមាសហើយដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩នេះ។ 

គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមីនានេះ មានតារាចម្រៀង៣រូបនៅផលិតកម្មហង្សមាសត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ មានដូចជា លោក ណុប បាយ៉ារិទ្ធិ អ្នកនាង សុគន្ធ នីសា កញ្ញា វី ឌីណែត។ក្រៅពីនេះមានពិធីការិនីអ្នកនាង ចាន់ កែវ និមល គ្រូភ្លេង លោក សាន់ សុវណ្ណឌីន អ្នកដឹកនាំសម្តែង លោក អុីកូ វ៉ាក់សុង និងចុងក្រោយនេះគឺអ្នកដឹកនាំសម្តែង និងនិពន្ធបទចម្រៀងលោកលី ស៊ីនហួន តែម្តង  ខណៈដែលពិធីករប្រចាំទូរទស្សន៍ និងតារាចម្រៀងប្រចាំផលិតកម្មហង្សមាសមួយចំនួននៅផលិតកម្មនេះបញ្ជាក់ថា អ្នកដែលអវិជ្ជមាន មានដូចជា តារាចម្រៀង លោក ឆន សុវណ្ណារាជ អ្នកនាង ឱក សុគន្ធកញ្ញា លោក ហ្សូណូ អ្នកនាង សុខ ស្រីនាងជាដើម ប៉ុន្តែពួកគេសុទ្ធតែបានធ្វើចត្តាឡីស័កដើម្បីបន្តតាមដានសុខភាព និងរង់ចាំធ្វើតេស្តជាលើកទី២ផងដែរ។ 

តាមការបញ្ជាក់របស់លោក លី ស៊ីនហួន បានឱ្យដឹងថា កន្លងមករូបលោក និងគ្រូភ្លេង សាន់ សុវណ្ណឌីន ព្រមទាំងតារាចម្រៀងលោក ណុប បាយ៉ារិទ្ធិ បានជួបគ្នាដើម្បីធ្វើបទចម្រៀងចូលឆ្នាំ ក៏ដូចពិភាក្សាគ្នាក្នុងការផលិតបទចម្រៀងផងដែរ។ បច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលបន្ទប់ដាច់ដោយឡែកនៅសណ្ឋាគារ Great Duke រួមជាមួយបុគ្គលិករួមដំបូល។ 

គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះក្រសួងសុខាភិបាលបានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៣៩នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជាសះស្បើយមានចំនួន៤នាក់។ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ថ្មីទាំង ៣៩នាក់មានជនជាតិខ្មែរ ២៩នាក់, ជនជាតិចិន៥នាក់ និងជនជាតិវៀតណាម៥នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល និងខេត្តព្រៃវែង។ចំណែកអ្នកជាសះស្បើយទាំង៤នាក់វិញ គឺស្ត្រីជនជាតិខ្មែរម្នាក់ និងបុរសជនជាតិចិន៣នាក់ ដែលឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក និងអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាល។គិតត្រឹម ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប១.២៦៤នាក់ ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖