ខេត្តស្វាយរៀង៖ ក្មេងស្រីអាយុ៣ឆ្នាំម្នាក់បានរត់លេងជុំវិញផ្ទះ រួចហើយបានយកដែកកេះមកដុតសំរាមលេងនៅក្បែរគំនរចំបើងស្រាប់តែឆេះរាលដាលដល់ម៉ូតូដែលចតទុកក្នុងរោងដាក់ចំបើងបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយពន្លត់ ប៉ុន្តែភ្លើងបានឆេះពេញក្រមុំបាត់ទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ស្ថិតនៅភូមិអង្គខ្នុង ឃុំអង្គប្រស្រែ ស្រុករមាសហែកខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាម្ចាស់ផ្ទះរងគ្រោះដោយអគ្គិភ័យនេះមានឈ្មោះសៅ សាមុត ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរកសិករ រស់នៅភូមិអង្គខ្នុង ឃុំអង្គប្រស្រែ ស្រុករមាសហែក។
ចំណែករោងដាក់ចំបើងមានទំហំទទឹង៣ម៉ែត្រគុណនឹង៥ម៉ែត្ររងការខូចខាតទាំងស្រុងរួមទាំងម៉ូតូម៉ាក MSXនិងរបស់របរមួយចំនួនទៀត ប៉ុន្តែសំណាងល្អដែរដែលមិនបណ្ដាលឱ្យមានមនុស្សរងគ្រោះថ្នាក់អ្វីនោះ។
បើតាមជីដូនបានឱ្យដឹងថា មុនពេលកើតហេតុចៅស្រីរបស់គាត់មានឈ្មោះសៅ ដាណែត អាយុ៣ឆ្នាំបានរត់លេងជុំវិញផ្ទះ លុះក្រោយមកបានយកដែកកេះមកដុតសំរាមលេងក្បែរគំនរចំបើងស្រាប់តែឆេះរាលដាលដល់ម៉ូតូដែលចតទុកក្នុងរោងដាក់ចំបើងបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយពន្លត់ ប៉ុន្តែភ្លើងឆេះពេញក្រមុំបាត់ទៅហើយ៕
ដោយ៖យឹម សុថាន