ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ប្រឈមមុខនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នាពេលនេះ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រម កាលពីថ្ងៃទី១១ មីនា កន្លងទៅថ្មីៗនេះ។ ដូច្នេះសូមបងប្អូនជនរួមជាតិ អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីអនុវត្តច្បាប់ទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា សំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលកម្ពុជាយើងក៏ដូចជាសកលលោកកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។
សម្តេចថ្លែងបន្តថា, ការចូលរួមគោរពច្បាប់ អនុវត្តនូវរាល់វិធានការសុខាភិបាលដែលរាជរដ្ឋាភិបាលដាក់ចេញ ដូចជា ការធ្វើអនាម័យ ការពាក់ម៉ាស ការក្សាគម្លាតសុវត្ថិភាពសង្គម ការយកសំណាកទៅវិភាគរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័ក ការដាក់ឱ្យដាច់ដោយឡែកដើម្បីទទួលការព្យាបាល ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាដើមនោះ គឺជាកាតព្វកិច្ចរបស់យើងម្នាក់ៗ ដែលជាប្រជាពលរដ្ឋល្អត្រូវធ្វើ ដើម្បីផលប្រយោជន៍រួមរបស់យើងផ្ទាល់ ក៏ដូចជាសង្គមជាតិរបស់យើង។
ការចូលរួមគោរពច្បាប់ឱ្យបានពេញលេញ និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាការថែរក្សាសុខុមាលភាពសង្គមជាតិរបស់យើងឱ្យចៀសផុតពីគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដែលបង្កឡើងពីមេរោគដ៏កាសសាហាវនេះ។ ការដែលយើងមិនចូលរួមគោរពអនុវត្តច្បាប់ប្រៀបដូចយើងបានបំផ្លាញសុខភាពយើង សុខភាពគ្រួសារយើង និងសង្គមសេដ្ឋកិច្ចជាតិយើង ហើយនឹងត្រូវទទួលរងការពិន័យនិងផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមានទៀតផង។
សូមជនរួមជាតិបានប្រកបដោយសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារនាចុងសប្តាហ៍នេះ៕
ដោយ៖សុខ ខេមរា