ព័ត៌មានទាន់ហេតុការណ៍៖

អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប លោក សៀង ណាំ រងចាំដំណឹងភរិយាទៅសម្រាកព្យាបាលជំងឺនៅទីក្រុងបាងកក ១ខែ ៩ថ្ងៃ ដោយក្តីនឹករលឹកបំផុត !

ចែករំលែក៖

ខេត្តសៀមរាប ពាក្យចាស់លោកថា៖ «ស្នេហ៍វ័យចំណាស់ ចេះថ្នាក់ថ្នមចិត្ត» ពិតជាមិនខុសមែន! គឺក្តីស្រឡាញ់ គោរពគ្នា មានទំហំធំធេង គ្មានអ្វីក្នុងលោកយកមកប្រៀបបាន សម្រាប់ជីវិតប្តីប្រពន្ធមួយនឹងមួយ។

នៅរសៀលថ្ងៃទី១៣ ខែមីនានេះ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប លោកសៀង ណាំ បានសំណេរទៅកាន់ភរិយាថា៖  ១៣ មីនា ២០២១ ពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ….!

ប្រពន្ធសំឡាញ់!

ចាប់តាំងពីថ្ងៃទី ០៤ ខែកុម្ភៈ កន្លងទៅជាងមួយខែមកនេះ រូបអូនបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទីក្រុងបាងកក ប្រទេសថៃ គឺយើងបានឃ្លាតគ្នាចំនួន ខែ ថ្ងៃហើយ។ បងនៅឯណេះ តែងគិត និងបារម្ភយ៉ាងខ្លាំងពីការវះកាត់របួសរបស់អូន ព្រមទាំងនឹករលឹកអូនជារៀងរាល់ថ្ងៃ។

បន្ទាប់ពីបានធូរស្រាលពីជំងឺ ថ្ងៃនេះរូបអូននិងកូនបានត្រឡប់មកពីមន្ទីរពេទ្យទីក្រុងបាងកកប្រទេសថៃ ហើយបានមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជាយើងវិញ ដោយក្តីនឹករលឹកនិងរំភើបក្រៃលែង។

ពេលនេះ បងបានមកទទួលអូនដោយក្តីអំណរបំផុតនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។ តែពុំបានជួបគ្នាផ្ទាល់ឡើយ ដោយមើលមុខគ្នាពីចម្ងាយប៉ុណ្ណោះ ព្រោះយើងគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាលព្រោះត្រឡប់មកពីប្រទេសថៃ អូនត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ជាចាំបាច់ដោយខានពុំបាន។ អូនចុះពីយន្តហោះភ្លាម ក្រុមគ្រូពេទ្យខេត្តសៀមរាបយើងបានជួយរៀបចំ បន្តដំណើរអូនដោយរថយន្តពេទ្យទៅកាន់ទីតាំងធ្វើចត្តាឡីស័ក។ បងបានត្រឹមឈរមើលពីចម្ងាយ ហើយបងសង្កេតឃើញទឹកមុខរបស់អូនរីករាយញញឹមហាក់បង្កប់នូវក្តីរំភើប ការនឹករលឹក និងក្តីស្រឡាញ់ ដែលមានតែបងទេទើបយល់បាន។

ឧត្តមភរិយាបង!

នេះជាសំណេរបញ្ជាក់ពីទឹកចិត្តបង ព្រោះយើងមិនអាចជួបនិយាយគ្នាដោយផ្ទាល់បានដោយសារជំងឺខូវីដ ១៩ ដែលជាជំងឺកាចសាហាវ ហើយកំពុងរីករាលដាលគួរឱ្យព្រួយបារម្ភជាខ្លាំងនៅក្នុងប្រទេសយើង។

ថ្វីបើអូនបានមកដល់ទឹកដីកម្ពុជាហើយក៏ដោយ តែត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាគោរពតាមច្បាប់របស់រាជរដ្ឋាភិបាលយើង។ ត្រឹមតែ ១៤ ថ្ងៃទៀតប៉ុណ្ណោះសូមអូនទ្រាំបន្តិចទៀតចុះ ក្រោយចប់ចត្តាឡីស័កនិងការអនុញ្ញាតរបស់គ្រូពេទ្យ គ្រួសារយើងនឹងបានជួបជុំគ្នាវិញដោយក្តីរីករាយ។

សូមថែរក្សាសុខភាពឱ្យបានល្អបងសូមជូនពរអូនឱ្យជួបប្រទះតែពុទ្ធពរទាំង ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖