ភ្នំពេញ៖ ស្រីអុីត គឺជាតារាកំប្លែងទី១របស់ក្រុមនាយពែកមី ដែលត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដែលការរកឃើញនេះគឺកាលពីថ្ងៃទី១២ ខែ មីនា ឆ្នាំ២០២១មកម្ល៉េះ ប៉ុន្តែរហូតដល់រសៀលថ្ងៃទី១៣ ខែមីនានេះនៅមិនទាន់ឃើញមានតារាកំប្លែងរូបណាផ្សេងទៀតត្រូវបានរកឃើញនៅឡើយ ខណៈដែលតារាកំប្លែងរួមក្រុមជាច្រើនត្រូវរង់ចាំលទ្ធផលតេស្តនៅឡើយ ហើយនៅបន្តធ្វើចត្តាឡីស័កនោះ។
អ្នកនាង ខ្ញុងដែលជាតារាកំប្លែងរួមក្រុមបានបញ្ជាក់ថានាងខកខានក្នុងការសម្តែងកំប្លែងអស់រយៈពេល៣ទៅ៤សប្តាហ៍មកហើយខណៈដែលរវល់តែជាមួយការងារលក់អនឡាញ ហើយក៏មិនដែលបានជួបស្រីអុីតរាប់ខែមកហើយដែរ។
នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីនាយគ្រឿនអំពីស្ថានភាពសុខភាពបាននៅឡើយទេ ប៉ុន្តែនាយពែកមី ជាប្រធានក្រុមបានបញ្ជាក់ថាលោកមិនបានកើតអ្វីនោះទេចំពោះសុខភាពគឺនៅធម្មតាដដែល ហើយលោកក៏ខកខានក្នុងការជួបស្រីអុីតជាយូរហើយដែរ ។ ទោះជាយ៉ាងណាលោកបញ្ជាក់ថាពេលនេះលោកក៏នៅតែផ្ទះដែរ ហើយលោកក៏ជូនពរស្រីអុីតឆាប់ជាសះស្បើយវិញផងដែរ។
តារាកំប្លែងកញ្ញា នីឡា ស្នើមិនបញ្ជាក់អំពីស្ថានភាពសុខភាពនៅពេលនេះហើយនាងនិងបញ្ជាក់នៅថ្ងៃស្អែក ខណៈដែលឪពុករបស់នាង លោកសុវណ្ណរិទ្ធី ហៅលោកតាវិចទ័រវិញបានលើកឡើងថា អ្នកដែលបានពាក់ព័ន្ធ និងស្រីអុីតនៅបន្តរង់ចាំលទ្ធផលនៅឡើយដែរ។
គួរបញ្ជាក់ដែរថា រហូតមកដល់ពេលនេះក្រុមសិល្បករ ផលិតករដែលបានជាប់ពាក់ព័ន្ធ និងព្រឹត្តិការណ៍២០កុម្ភៈមានដូចជា ផលិតករ លោក អ៊ិន ទីតូ តារាចម្រៀងលោក ណុប បាយ៉ារិទ្ធី អ្នកនាង សុគន្ធ នីសា កញ្ញា វី ឌីណែត ពិធីការិនីអ្នកនាង ចាន់ កែវ និមល គ្រូភ្លេង លោក សាន់ សុវណ្ណឌីន អ្នកដឹកនាំសម្តែង លោក អ៊ីកូ វ៉ាក់សុង និង អ្នកដឹកនាំសម្តែង និងនិពន្ធបទចម្រៀងលី ស៊ីនហួន និងចុងក្រោយគេគឺអ្នកនាងស្រីអុីត៕
ដោយ៖ វឌ្ឍនា