ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ​! អាជ្ញាធរ​បារាំងរកឃើញអ្នកឆ្លងកូវីដ-១៩ ជិត៣ម៉ឺននាក់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១​នេះ​ បានដកស្រង់ចេញពីក្រសួងសុខាភិបាលបារាំង​ បានប្រកាសថា​ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ អាជ្ញាធរ​មូលដ្ឋាន​រកឃើញអ្នកឆ្លង COVID-19 ជិត៣ម៉ឺននាក់;​ ខណៈចំនួនអ្នកបានទទួលការចាក់វ៉ាក់សាំងដូសដំបូងកើនលើស ៥លាននាក់។

ជាក់ស្ដែង​នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបារាំង បានបញ្ជាក់ថា​ កាលពីថ្ងៃសៅរ៍ទី១៣​ មីនា​ម្សិលមិញនេះ អាជ្ញាធរ​មូលដ្ឋាន​បានរាយការណ៍ថា ត្រឹម​តែ​២៤ម៉ោង​ប៉ុណ្ណោះ​ រកអ្នកឆ្លង COVID-19 ២៩,៧៥៩នាក់;​ ដែល​ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៤,០៤៥,៣១៩នាក់។

ជាមួយគ្នានេះ​ ក្នុង​ថ្ងៃ​ដដែល​ អ្នកជំងឺ១៦៩នាក់ក៏បានស្លាប់ផងដែរនាំឱ្យអ្នកស្លាប់សរុបកើនដល់ ៩០,៣១៥នាក់ ខណៈអ្នកជាសះស្បើយឡើងវិញមានចំនួន ២៧២,៦១៥នាក់។

បច្ចុប្បន្នបារាំង​ គឺជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនជាងគេជាប់ចំណាត់ថ្នាក់លេខ៦ បន្ទាប់ពីចក្រភពអង់គ្លេស។

គួរបញ្ជាក់ថា​ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញនេះ មនុស្ស ២៤១,៨១៤នាក់បានទទួលការចាក់វ៉ាក់សាំងដូសដំបូង ធ្វើឱ្យចំនួនអ្នកចាក់វ៉ាក់សាំងដូសដំបូងកើនដល់ ៥,០៦១,៧៣៨នាក់ ឬស្មើនឹង៧.៦ភាគរយនៃប្រជាជនបារាំងសរុប។ ព្រមពេលជាមួយគ្នា មនុស្ស ២,២៣៦,០៦៦នាក់ ក៏បានចាក់វ៉ាក់សាំងដូសទី២របស់ពួកគេផងដែរ៕ដោយ​៖ស​ តារា​


ចែករំលែក៖