ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២១ របស់កងពលតូចថ្មើរជើងលេខ៥១ ។
អញ្ជើញចូលរួមអមដំណើរមាន លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យនិងប្រតិភូអមដំណើរបណ្ដាការិយាល័យ អង្គភាពព្រមទាំងភ្ញៀវកិត្តិយស ។
ក្នុងឱកាសបូកសរុប លោកឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការកោតសរសើរដល់កម្លាំងកងពលតូចថ្មើរជើងលេខ៥១ ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូនជាពិសេសគឺការទប់ស្កាត់ពលករដែលឆ្លងដែនខុសច្បាប់តាមបណ្ដាភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវមិនតែប៉ុណ្ណោះកងពលបានចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗរហូតមានការសរសើរមិនដាច់ពីមាត់ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ។
លោកឧត្តមសេនីយ៍ទោក៏បានផ្តាំផ្ញើកងទ័ពក្នុងកងពលតូចថ្មើរជើងលេខ៥១ ឱ្យបង្កើនការផ្សព្វផ្សាយនិងអនុវត្តឲ្យបានជាដាច់ខាតនូវវិធានការរបស់ក្រសួងសុខាភិបាលក៏ដូចជាបទបញ្ជារបស់សម្ដេចតេជោ ៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងរាលដាលចូលក្នុងសហគមន៍ក៏ដូចជាភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ៕
ដោយ៖សូរិយា