ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ឱ វណ្ណឌីន៖ ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ មិនអាចបិទបញ្ចប់ឡើយ បើពលរដ្ឋមិនចូលរួមទេនោះ

ចែករំលែក៖

ភ្នំពេញ​៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែង​ក្នុងសន្និសីទព័ត៌មានពាក់ព័ន្ធការបង្កើតច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១​ ដោយ​បានបង្ហាញភាពអាសន្នថា៖ ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈនេះ​ មិនអាចបិទបញ្ចប់ឡើយ បើពលរដ្ឋមិនចូលរួមទេនោះ។​ ជាក់ស្ដែង​រហូត​មកដល់​ពេល​នេះ​មានរយៈពេលជិតមួយខែ តែមិនទាន់អាចកាត់ផ្តាច់នៅឡើយ។

លោកស្រី ឱ វណ្ណឌីន​ បានគូសបញ្ជាក់ថា​ បេីគិតត្រឹមថ្ងៃទី១៥ ខែមីនានេះ​ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានរកឃើញអ្នកវិជ្ជមានរហូតដល់ទៅ ៨១០នាក់ហើយ ហើយមានអ្នកជំងឺម្នាក់បានស្លាប់ថែមទៀតផង។ ហេីយ​ព្រឹត្តិការណ៍នេះ បានរីករាលដាលទៅខេត្តព្រះសីហនុ កណ្តាល ព្រៃវែង កោះកុង កំពង់ចាម កំពង់ធំ បាត់ដំបង និងសៀមរាបជាដើម។ ប៉ុន្តែ​ការរីករាលដាលនៃជំងឺកាចសាហាវមួយនេះ​ មិនទាន់មានសញ្ញាណថមថយនៅឡើយនោះទេ។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ ថ្លែង​ក្នុងសន្និសីទព័ត៌មានដដែលនេះ​ ក៏បានបង្ហាញការកត់សម្គាល់ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានការរីករាលដាលខ្លាំង ដោយសារតែប្រជាពលរដ្ឋមានការធ្វេសប្រហែស មើលស្រាលទៅលើស្ថានភាពនៃការវាយលុករបស់មេរោគកូវីដ១៩ ដែលនាំឱ្យមានការចម្លងពីកន្លែងមួយ ទៅកន្លែងមួយ។

លោកស្រី ឱ វណ្ណឌីន​ បានសង្កត់ធ្ងន់ថា​ បេីទោះបីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដាក់ចេញវិធានការ និងការអំពាវនាវឱ្យចូលរួមទប់ស្កាត់ តែប្រជាពលរដ្ឋនៅតែជួបជុំហូបចុក និងធ្វើពិធីផ្សេងៗ ដែលមានការប្រមូលផ្តុំ។

បន្ថែមពីនេះ​លោកស្រី បានគូសបញ្ជាក់ទៀត​ថា ការកាត់ផ្តាច់ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ជារឿងសំខាន់ ដែលទាមទារឱ្យពលរដ្ឋចូលរួមអនុវត្តម៉ឺងម៉ាត់តាមវិធានកំណត់របស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ។

ជាមួយគ្នានេះ​លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់យ៉ាងដូច្នេះថា «ការកាត់ផ្តាច់ការចម្លងពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ជាការចាំបាច់នៅក្នុងដំណាក់កាលនេះ។ ធ្វើម៉េចដើម្បីកាត់បាន ទី១នៅផ្ទះ បើមិនចាំបាច់ទេ បើមិនមានភារកិច្ចត្រូវធ្វើទេ កុំចល័តអីនៅផ្ទះសុខសាន្ត នៅផ្ទះមានសុវត្ថិភាព នៅផ្ទះមិនរងហានិភ័យខ្ពស់នូវការចម្លងវីរុសកូវីដ១៩អាបែបបំប្លែងថ្មី។ កុំចល័ត អ្នកភ្នំពេញនៅភ្នំពេញសិនទៅ កុំធ្វើដំណើរចេញទៅខេត្ត ហើយអ្នកខេត្តសូមកុំធ្វើដំណើរចូលមកភ្នំពេញ»។

ដោយឡែក​លោកស្រី ឱ វណ្ណឌីន​ ក៏បានលើកឡើងពីការប្រមើមើលរបស់លោកស្រីពីការចម្លងនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈដែរថា វិជ្ជមានវីរុសកូវីដ១៩ ធ្លាក់ចុះ ឬកើនឡើងអាស្រ័យលើការអនុវត្តវិធានការសុខាភិបាល និងអនុវត្តវិធានការមិនមែនសុខាភិបាល។ ជាពិសេសបើពលរដ្ឋអនុវត្តឱ្យបានម៉ត់ចត់ជាទីបំផុតដោយនៅផ្ទះ, កុំចល័តចេញបើមិនចាំបាច់, អនុវត្តវិធានការ៣ការពារ និង៣កុំឱ្យបានម៉ត់ចត់ជាទីបំផុត និងអ្នកដែលមានតម្រូវឱ្យធ្វើចត្តាឡីស័ក គឺត្រូវមានភាពស្មោះត្រង់ នោះការរីករាលដាលអាចនឹងទប់ស្កាត់។

លេីសពីនេះ​ទៅទៀត​ លោកស្រី ឱ វណ្ណឌីន​ បានបញ្ជាក់ថា«ប្រសិនបើបងប្អូនចូលរួមអនុវត្តបាននៅក្នុងពេលពីរសប្តាហ៍នេះសម្រាប់បុគ្គលខ្ញុំអ្នកបច្ចេកទេស ខ្ញុំរំពឹងថា ស្ថានភាពជាពិសេសករណីវិជ្ជមាន និងករណីឆ្លង នឹងថយចុះជាបណ្តើរៗ ហើយយើងអាចឈានចូលទៅដល់ការបញ្ចប់នូវការចម្លងនៅក្នុងពេលឆាប់ៗ»។ ប៉ុន្តែ​ទោះជាយ៉ាងណាលោកស្រី នៅតែព្រួយបារម្ភខ្លាចព្រឹត្តិការណ៍២០កុម្ភៈ​នេះ​ មិនអាចកាត់ផ្តាច់បាន បើពលរដ្ឋនៅតែមើលស្រាល ឬការប្រមាថចំពោះការរីករាលដាលជំងឺកូវីដ-១៩មួយនេះ៕ដោយ​៖ស​ តារា​


ចែករំលែក៖