ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជា អាន សុខខឿន ថ្លែងក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី៥ ស្ដីពី “យន្តការ និងស្ថាប័នសិទ្ធិមនុស្ស” នាសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស”

ចែករំលែក៖

ភ្នំពេញ៖ បទអន្តរាគមន៍ របស់ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា អាន សុខខឿន នាសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ទីក្រុងហ្សឺណែវ”កិច្ចពិភាក្សាទូទៅលើរបៀបវារៈទី៥ ស្តីពី យន្តការ និងស្ថាប័នសិទ្ធិមនុស្ស។

ដោយលើកឡើងថា, លោកស្រីប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស!
1. គណៈប្រតិភូយើងខ្ញុំសូមចូលរួមគាំទ្រសេចក្តីថ្លែងការណ៍របស់អាស៊ាន ក្នុងការគូសបញ្ជាក់អំពី ភាពចាំបាច់ កែលម្អការងាររបស់អ្នកកាន់អាណត្តិនីតិវិធីពិសេស ដោយផ្តោតលើវិជ្ជាជីវៈ គណនេយ្យភាព និងទទួលខុសត្រូវ ប្រកបដោយភាពស្មោះត្រង់។

2. រយៈពេលជិត ៣ ទសវត្សរ៍ កន្លងមកនេះ កម្ពុជាបានទទួលយកអ្នករាយការណ៍ពិសេសប្រចាំ ប្រទេសចំនួន ៦ រូប ដែលអាណត្តិពួកគាត់ត្រូវបានបន្ត តាមរយៈសេចក្តីសម្រេចចិត្ត អនុម័ត ដោយកុងសង់ស៊ីស ហើយរាល់សំណើសុំធ្វើទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជាក៏ទទួលបានការ យល់ព្រមពីរាជរដ្ឋាភិបាលដែរ។ ប្រការទាំងនេះបង្ហាញឱ្យឃើញច្បាស់ពីការចូលរួម ដោយបើក ចំហ និងស្ថាបនារបស់កម្ពុជា ជាមួយនឹងយន្តការនេះ។
3. កិច្ចសហប្រតិបត្តិការ គឺជាដំណើរការទៅវិញទៅមក ដែលអ្នកកាន់អាណត្តិនីតិវិធីពិសេស ដូច គ្នាដែរ ត្រូវបំពេញតួនាទីរបស់ខ្លួន ប្រកបដោយភាពសត្យានុម័ត មិនលម្អៀង មិនជ្រើសតែ មួយជ្រុង និងមិនធ្វើនយោបាយូបនីយកម្ម។ ក្នុងន័យនេះ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ ទទួលបានប្រសិទ្ធភាពពិតប្រាកដ អ្នកកាន់អាណត្តិនីតិវិធីពិសេស គួរ៖ ទី១៖ បំពេញភារកិច្ចរបស់ខ្លួនដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ “ក្រមសីលធម៌” និង សៀវភៅណែនាំប្រតិបត្តិការសម្រាប់នីតិវិធីពិសេស ដែលគូសបញ្ជាក់ពីសារៈសំខាន់នៃ ការប្រមូលព័ត៌មានពិត ចេញពីប្រភពដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវ ។ អ្នកកាន់អាណត្តិ នីតិវិធីពិសេសត្រូវចៀសវាងការសន្មត់ថាមានកំហុសទុកជាមុន និងការប្រញាប់ ប្រញាល់ចេញផ្សាយសេចក្តីប្រកាសព័ត៌មាន ដោយពុំបានផ្ទៀងផ្ទាត់ព័ត៌មានឱ្យបាន ត្រឹមត្រូវ ជាមួយប្រភពរដ្ឋាភិបាល ជាមុន។
ទី២៖ ជួយដល់រដ្ឋក្នុងវិស័យសិទ្ធិមនុស្ស តាមរយៈកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ពិតប្រាកដ ដោយត្រូវពិចារណាអំពីបរិបទ ដោយឡែករបស់ប្រទេសនីមួយៗ និងមិន ត្រូវដើរតួជាចៅក្រមកាត់សេចក្តី នៅពេលធ្វើសេចក្តីរាយការណ៍និងការសន្និដ្ឋានឡើយ។ ទី៣៖ ផ្តល់ការប្រឹក្សាយោបល់លើកិច្ចសហប្រតិបត្តិការបច្ចេកទេស និងជំនួយកសាង សមត្ថភាព តាមការស្នើសុំរបស់រដ្ឋ ដើម្បីដោះស្រាយឬសគល់នៃបញ្ហាប្រឈម ជាជាង ពិនិត្យមើលលើតែអាការៈខាងក្រៅនោះឡើយ ។

4. ចុងបញ្ចប់_មានតែការយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមពិធីសារខាងលើប៉ុណ្ណោះទេ ទើបអ្នកកាន់អាណត្តិនីតិវិធីពិសេស អាចទទួលបាននូវការជឿទុកចិត្តពីបណ្តារដ្ឋទាំងអស់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖