ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តលឿនបុករទេះអេតចាយពីក្រោយខ្ទាតចូលផ្ទះលក់គ្រឿងទេស

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានបើករថយន្តក្នុងស្ថានភាពស្រវឹងទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកអេតចាយពីក្រោយពេញទំហឹង រុញច្រានចូលផ្ទះលក់គ្រឿងទេស បណ្តាលឲ្យបែកទូកញ្ចក់លក់ម្ជូររាយប៉ាយពេញមុខផ្ទះរងការខូចខាត។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវហាណូយ ត្រង់ចំណុចផ្លូវរទេះភ្លើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីអ្នកបើកបរម៉ូតូ សណ្តោងរ៉ឺម៉កដឹកអេតចាយបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បើករ៉ឺម៉កដឹកអេតចាយតែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រពណ៌ត្រេអុី ពាក់ស្លាកលេខព្រះសីហនុ 3A-3099 បើកបរដោយបុរសចំណាស់ម្នាក់ទំនងជាស្រវឹងស្រារួមដំណើរដោយនារីម្នាក់ទៀត ធ្វើដំណើរស្របទិសគ្នាបាន បុករុឺម៉កម៉ូតូពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យគាត់ភ័យលោតចុះពីរ៉ឺម៉ករងរបួសស្រាល ចំណែកម៉ូតូរ៉ឺម៉កបន្តទៅបុកចូលផ្ទះលក់ចាប់ហួយ នៅជិតកន្លែងកើតហេតុបណ្តាលឲ្យបែកកញ្ចក់ទូដាក់លក់ម្ជូររាយប៉ាយពេញផ្លូវ ។
បន្ទាប់ពីកើតហេតុអ្នកបើករថយន្តបង្ក បានសងសំណងទៅកាន់រ៉ឺម៉កដឹកអេតចាយចំនួន៨ម៉ឺនរៀល ចំណែកភាគីខាងម្ចាស់ផ្ទះរងគ្រោះ បានទាមទារសំណងការខូចខាតពីអ្នកបើករថយន្តបង្កជាទឹកប្រាក់ចំនួន៦០០ដុល្លារ តែខាងម្ចាស់រថយន្តព្រមសងតែ១០០ដុល្លារ ទើបការចចារមិនត្រូវគ្នាក៏ប្រគល់ឲ្យសមត្ថកិច្ចជំនាញខណ្ឌសែនសុខយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ រង់ចាំដោះស្រាយគ្នាបន្តនៅពេលក្រោយ ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖