ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ មន្ត្រីនគរបាលនៃស្នងការខេត្ត បាត់ដំបងបានឲ្យដឹងថា, ស្ត្រីជាជនជាតិថៃចំនួន០២នាក់ ដែលបានលួចឆ្លងដែនចូលមកប្រទេសកម្ពុជាត្រូវបានមន្ត្រីមន្ទីរសុខាភិបាលប្រគល់មកសមត្ថកិច្ច ដើម្បីបន្តនីតិវិធីក្រោយធ្វើចត្តាឡីស័ករួចរាល់ជាមួយនឹងលទ្ធផលកូវីដ-១៩អវិជ្ជមាន។ ខណ:ប្រទេសទាំង២កំពុងរឹតបន្តឹងតាមព្រំដែន។
សូមបញ្ជាក់ថា, សមត្ថកិច្ចនៃអធិការនគរបាលស្រុកសំពៅលូនបានឲ្យដឹងថា ស្ត្រីជាជនជាតិថៃ២នាក់ខាងលើ បានលួចចូលមកទឹកដីកម្ពុជាដោយខុសច្បាប់ កាលពីថ្ងៃទី៤ខែមីនាឆ្នាំ២០២១ក៏ ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនឃាត់ខ្លួនសាកសួរនិងនាំទៅធ្វើចត្តាឡីស័កស្របតាមវិធានសុខាភិបាលនៅមណ្ឌលចត្តាឡីស័កស្រុកសំពៅលូនគ្រប់ថ្ងៃកំណត់។ ក្រោយធ្វើចត្តាឡីស័កតាមកាលកំណត់និងមិនមានពាក់ព័ន្ធករណីកូវីដ-១៩ទេនោះមន្ត្រីសុខាភិបាលបានប្រគល់រូបគាត់មកឲ្យសមត្ថកិច្ចនគរបាលផែនជំនាញអន្តោប្រវេសន៍បន្តអនុវត្តតាមច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ថា, ស្ត្រីទាំង២នាក់ខាងលើនេះរួមមាន ១,ឈ្មោះណាប់ ផានិត ភេទស្រី អាយុ២៥ឆ្នាំ រស់នៅប្រទេសថៃ(ជនជាតិថៃ)២,ឈ្មោះសុ ផាផន ភេទស្រី អាយុ២៣ឆ្នាំ រស់នៅប្រទេសថៃ(ជនជាតិថៃ)៕
ដោយ៖សហការី