ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត អ៉ិត សំហេង អញ្ជើញថតវីដេអូថ្លែងសុន្ទរកថា ដើម្បីចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអុីនធើណេត-WORKNET” ដែលរៀបចំតាមរយៈប្រព័ន្ធអនឡាញ

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យក្រុមការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ចូលថតវីដេអូថ្លែងសុន្ទរកថា ដើម្បីចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គេហទំព័រនៃ «ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអុីនធើណេត» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំធ្វើឡើងនៅវេលាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។ បន្ទាប់ពីត្រូវបានអភិវឌ្ឍរួមគ្នា និងកែលម្អឲ្យកាន់តែប្រសើរឡើង ក្រោមក្របខ័ណ្ឌ ជំនួយអភិវឌ្ឍជាផ្លូវការផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ របស់សាធារណរដ្ឋកូរ៉េជាមិត្ត ដែលបានផ្តល់តាមរយៈក្រសួងការងារ និងមុខរបរកូរ៉េ និងភ្នាក់ងារផ្តល់សេវាប្រព័ន្ធព័ត៌មានការងារកូរ៉េ (ខេ អ៊ី អាយ អេស)។

ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារតាមអុីនធើណេតដែលនឹងត្រូវដាក់ឲ្យដំណើរនាពេលខាងមុខនេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យការងារកម្ពុជា ដែលនឹងផ្តល់ ដល់អ្នកកប្រើប្រាស់ ភាគីពាក់ព័ន្ធ ទាំងអស់ និងសាធារណជននូវគេហទំព័រការងារជំនាន់ថ្មី សម្រាប់ដាក់ពាក្យស្វែងរកការងារ, ប្រកាសជ្រើសរើសកម្លាំងពលកម្ម, ធ្វើសម្ភាសន៍ការងារតាមអនឡាញ, ប្រឹក្សាយោបល់អាជីព, និងស្វែងរកព័ត៌មានពាក់ព័ន្ធស្ថិតិទីផ្សារការងារជាច្រើនទៀត កាន់តែងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា បម្រួមគម្លាត បំបែករបាំងខកខានការងារ ព្រមទាំងអាចប្រើប្រាស់សេវានេះពីគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រព័ន្ធផ្តល់សេវាការងារនេះនឹងដើរតួជាអន្តរការីដ៏សំខាន់បំផុតដែលជាស្ពានផ្សារភ្ជាប់រវាងឱកាសការងារ និងកម្លាំងពលកម្ម ដែលមានសក្តានុពល ដោយប្រើប្រាស់បច្ចេកវិទ្យាអុីនធើណេត និងឌីជីថលទំនើប ស្របតាមបរិការណ៍នៃការវិវត្តរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា។

សូមសាធារណជន អ្នកស្វែងរកការងារ និយោជក អញ្ជើញទស្សនា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអុីនធើណេត-WORKNET” ដែលរៀបចំតាមរយៈប្រព័ន្ធអនឡាញ នឹងធ្វើការផ្សាយបន្តផ្ទាល់លើហ្វេកប៊ុកផេករបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ(MLVT)
https://www.facebook.com/mlvt.gov.kh/ និងហ្វេកប៊ុកផេករបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)
http://facebook.com/neakhmer៕

ដោយ៖ សិលា


ចែករំលែក៖