កម្លាំងប៉ូលិសទីក្រុង Boulder បានបញ្ជាក់ថា មានខ្មាន់កាំភ្លើង បានបាញ់ប្រហារនៅក្នុងផ្សារទំនើប King Soopers នៅតាមវិថី Table Sesa បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ។ កម្លាំងប៉ូលិសបានអំពាវនាវដល់ពលរដ្ឋកុំទៅកាន់តំបន់ខាងលើ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានដកស្រង់សំដីមន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងនៅថ្ងៃទី ២២ខែមីនា(ពេលវេលាក្នុងតំបន់)ថាការបាញ់ប្រហារនៅក្នុងផ្សារទំនើបស្ថិតនៅទីក្រុង Boulder រដ្ឋ Colorado ។ តាមព័ត៌មានជាបឋមមានមនុស្ស ៦នាក់ស្លាប់។ អភិបាលរដ្ឋ Colorado លោក Jared និងអភិបាលក្រុង Boulder លោក Sam Weaver បានចាត់ទុកថានោះជាសោកនាកម្មដ៏រន្ធត់នៅក្នុងតំបន់។
វីដេអូដែលបណ្តាញទូរទស្សន៍ក្នុងតំបន់បានផ្សាយ ឃើញថា មានកម្លាំងប៉ូលិសជាច្រើនមានវត្តមាននៅជុំវិញផ្សារទំនើបខាងលើ ។ ជាមួយគ្នានេះក៏មានថយន្តសង្គ្រោះចំនួន៦គ្រឿង នៅកន្លែងកើតហេតុ។ ជាមួយគ្នានោះក៏មានបុរសម្នាក់ត្រូវប៉ូលិសដាក់ខ្នោះដោយមានប្រឡាក់ឈាមផងដែរ បញ្ជូនចេញពីផ្សារទំនើប។
សាក្សីពីរនាក់នៅកន្លែងកើតហេតុបាននិយាយទៅកាន់សារព័ត៌មាន The Denver Post ថា ពួកគាត់បានឃើញជនដៃដល់ប្រដាប់ដោយកាំភ្លើងដើរចូលទ្វារផ្សារ ហើយចាប់ផ្តើមបាញ់តែម្តង។
នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុនៃការបាញ់ប្រហារនៅឡើយទេ។ កម្លាំងជំនាញកំពុងតែបើកការស្រាវជ្រាវ លើករណីខាងលើ ថាតើ មានជាប់ពាក់ព័ន្ធការរើសអើងជាតិសាសន៍អាស៊ីដែរឬទេ។
សកម្មភាពបាញ់ប្រហារខាងលើកើតឡើង ក្នុងពេលដែលមានបាតុកម្មជាច្រើនកើតឡើងនៅអាមេរិកប្រឆាំងការរើសអើងជាតិសាសន៍អាស៊ី បន្ទាប់ពីមានការបាញ់ប្រហារទៅលើ ហាងម៉ាស្សា ស្ប៉ា របស់ជនជាតិអាស៊ី បណ្តាលឲ្យជនជាតិអាស៊ី៦នាក់ក្នុងចំណោម៨នាក់ស្លាប់៕ដោយ៖ធីរីណា
រូបភាព៖Chicago tribune/TTXVN
រូបភាព៖AP